លោក សម រង្ស៊ី ជំរុញឱ្យសហគមន៍អន្តរជាតិទាមទារឱ្យរដ្ឋាភិបាល រៀបចំការបោះឆ្នោតឡើងវិញ
អតីតប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញឱ្យសហគមន៍អន្តរជាតិទាមទារឱ្យរដ្ឋាភិបាល រៀបចំការបោះឆ្នោតជាថ្មីម្ដងទៀត ដោយមានវត្តមានគណបក្សសង្គ្រោះជាតិ។
លោកបន្តថា តាមរយៈដំណើរការប្រជាធិបតេយ្យដែលគួរឱ្យទុកចិត្តបាន ប្រជាពលរដ្ឋខ្មែរនឹងផ្លាស់ប្ដូររបបដឹកនាំបែបចាស់គំរិលរបស់លោក ហ៊ុន សែន ដោយជំនួសមកវិញនូវរដ្ឋាភិបាលថ្មីដែលគោរពនីតិរដ្ឋ និងការពារផលប្រយោជន៍ពលរដ្ឋពិតប្រាកដ។ លោកបញ្ជាក់ថា រឿងដំបូងដែលត្រូវធ្វើនោះ គឺការលុបចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យចិនបោះទីតាំងទ័ពនៅលើទឹកដីខ្មែរ។
អត្ថបទចុះផ្សាយនៅលើគេហទំព័រ Project Syndicate លោក សម រង្ស៊ី សរសេររៀបរាប់ ថា ហេតុផលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពលើទឹកដីខ្មែរនោះ គឺដើម្បីបន្តជីវិតនយោបាយរបស់ខ្លួន។ លោកជឿជាក់ថា ពលរដ្ឋខ្មែរ រួមទាំងកងកម្លាំងប្រដាប់អាវុធផង បានឆ្អែតចិត្តនឹងរបៀបដឹកនាំបែបផ្ដាច់ការ និងពុករលួយរបស់លោក ហ៊ុន សែន។ លោកថា របបនេះអាចទ្រាំរស់បានមកដល់ពេលបច្ចុប្បន្ន គឺដោយសារតែការវាយបង្ក្រាបក្រុមអ្នកប្រឆាំងប៉ុណ្ណោះ។
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ដឹងថា ការដាក់ខ្លួនរណបក្រុងប៉េកាំង នឹងអាចជួយការពារគាត់បានយ៉ាងរឹងមាំពីកងកម្លាំងដែលមិនពេញចិត្តគាត់ ក៏ប៉ុន្តែទង្វើបែបនេះនឹងមកនូវការខាតបង់យ៉ាងធំធេង ហើយមិនបានផ្ដល់ផលអ្វីដល់ប្រជាពលរដ្ឋខ្មែរឡើយ៕
អត្ថបទ៖ សុខ លាភ