យានអវកាសឥណ្ឌា ដែលត្រូវចុះចតលើឋានព្រះចន្ទបាន បញ្ជូនរូបភាពដំបូងនៃផែនដី
(ឥណ្ឌា)៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យ ទី៤ សីហាថា យាន Moon Mission-2 ឬយាន Chandrayaan-2 ដែលបាញ់បង្ហោះកាលពីថ្ងៃទី ២២ កក្កដាបានបញ្ជូនរូបភាពនៃផែនដីជាលើកដំបូងរបស់ខ្លួន។
ទីភ្នាក់ងារអវកាសឥណ្ឌាមួយនេះបានបង្ហោះរូបភាពសរុបចំនួន ៥ ដែលថតដោយយាន Chandrayaan-2។ អង្គការ ISRO បានសរសេរលើ Twitter ថា ៖ “បណ្តុំរូបភាពស្អាតៗលើកដំបូងនៃផែនដី ដែលថតបានដោយកូនយាន Vikram Lander របស់យាន Chandrayaan2។ ផែនដី ថតដោយកាមេរ៉ា LI4 របស់យាន Chandrayaan-2 កាលពីថ្ងៃទី ៣ សីហា”។
យាន Moon Mission-2 បានបំពេញបាន ៤ គន្លងហើយក្នុងចំណោមគន្លងផែនដីសរុបចំនួន ៥ ។ គន្លងទី ៥ និងជាគន្លងចុងក្រោយគ្រោងនឹងបំពេញបាននៅថ្ងៃទី ៦ សីហា។ សំណុំរូបភាពដំបូងៗ ដែលបង្ហោះលើបណ្តាញសង្គមដោយអង្គការ ISRO បានញ៉ាំងឱ្យមានមតិយោបល់ដ៏រីករាយពីក្នុងចំណោមប្រជាជនឥណ្ឌានៅលើ Twitter។
កូនយានឈ្មោះ “Lander” និង “Rover” ត្រូវគេរំពឹងថានឹងចុះចតនៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទនៅដើមខែកញ្ញា។ ប្រសិនបើអនុវត្តដោយជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទីបួនបន្ទាប់ពីសហរដ្ឋអាម៉េរិករុស្ស៊ីនិងចិនដែលបានចុះចតនៅលើផ្ទៃព្រះចន្ទ។
បេសកកម្ម ដែលចំណាយថវិកាជិត ១៥០ លានដុល្លារអាម៉េរិកនេះ មានគោលបំណងប្រមូលទិន្នន័យអំពីទឹក រ៉ែ និងផ្ទាំងសិលានៅលើផ្ទៃព្រះចន្ទ៕
ប្រភព៖ rasmeinews.com