ជំនន់ទឹកភ្លៀងកំពុងកើតឡើង បង្កឲ្យលិចលង់ផលដំណាំផ្លូវធ្វើដំណើរ និងលំនៅដ្ឋានពលរដ្ឋមួយចំនួន នាស្រុកសំឡូត ខេត្តបាត់ដំបង

(បាត់ដំបង)៖ ជំនន់ទឹកភ្លៀងកំពុងកើតឡើង នៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង នៅយប់មិញ និងព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង។​​ ទឹកជំនន់នាពេលនេះ កំពុងបង្កនូវការលិចលង់ផលដំណាំ ផ្លូវធ្វើដំណើរ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ពិសេសក្នុងឃុំតាតោក ស្រុកសំឡូត និងឃុំផ្សេងទៀត នៅរ៉បស្ទឹងក្រញូង ស្រុកសំឡូត។ ក្នុងលក្ខណៈបែបនេះ គឺជាក្តីបារម្ភប្រសិនបើស្ថានភាព អាកាសធាតុនៅតែបន្តមាន ភ្លៀងធ្លាក់ជាបន្តទៀតផងនោះ។

ផ្អែកតាមស្ថានការនេះ អាជ្ញាធរនិងសមត្តកិច្ចមូលដ្ឋាន ដែលឈរជើងនៅមូលដ្ឋាននោះបានត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារៈដើម្បីចេញអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋ សត្វពាហនៈ ទៅកាន់ទីសុវត្ថិភាព និងដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ។ ជំនន់ទឹកភ្លៀងកាលពីយប់មិញ ដែលធ្វើឲ្យប៉ះពាល់ឃុំចំនួន២ គឺឃុំតាតោក និងឃុំសឡូត មកដល់ព្រឹកនេះ បានស្រកថមថយមកធម្មតាវិញហើយ ពុំមានការបាត់បង់អ្វីនោះឡើយ ចំពោះលទ្ធផលប៉ះពាលដំណាំ រួមផ្សំកសិផលផ្សេងៗ រដ្ឋបាលស្រុកកំពុងតែស្រង់ស្ថិតិ ពីឃុំទាំពីរខាងលើ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds