ផ្ទុះការរិះគន់ បេក្ខនារី៣នាក់ក្នុងកម្មវិធី X Factor Cambodia បន្ទាប់ពីបញ្ចេញកាយវិការរើសអើងមិត្តរួមក្រុម ដែលមានសម្បុរខ្មៅ មិនសូវចេះតុបតែងខ្លួន
មុននេះបន្តិចផ្ទុះការរិះគន់ជាខ្លាំងពេញបណ្តាញសង្គមទាក់ទងនឹងបេក្ខនារី៣នាក់ ដែលរើសអើងមិត្តរួមក្រុមរបស់ខ្លួនព្រោះតែមានសម្បុរខ្មៅមិនស្រស់ថ្លា ថែមទាំងតែងខ្លួនមិនឡូយឆាយ។ ចូលមកដល់សប្តាហ៍ទី១ នៃវគ្គ BootCamp ក្នុងកម្មវិធី X Factor Cambodia នេះ បេក្ខជន បេក្ខនារីនីមួយៗតម្រូវឲ្យចាប់ឆ្នោតយកបទចម្រៀងច្រៀងរួមគ្នា អ្នកចាប់បានបទប្រុសត្រូវច្រៀងបទប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងបទស្រី តែបេក្ខជននីមួយៗអាចមានសិទ្ធសុំអ្នកដទៃដូរប្រសិនជាគេយល់ព្រម។
បេក្ខនារីចំនួន៤រូបបានមកប៉ះក្រុមជាមួយគ្នាក្នុងបទ “ឈប់” ដោយមានដូចជា ស្រីយ៉ា – ចាន់ឡា – ស្រីនិត – ទេវី។ អ្នកទាំងបួនធ្វើបានយ៉ាងល្អជាខ្លាំង ទទួលបានជោគជ័យដោយឆ្លងផុតទៅវគ្គបន្តទាំងអស់គ្នា។ ដោយឡែកស្រាប់តែផ្ទុះការរិះគន់ពីសំណាក់មហាជនជាខ្លាំង ដោយបេក្ខនារីចំនួន៣នាក់ទៀតដែលមានរូបសម្រស់ស្រស់ស្អាត និងចេះតុបតែងខ្លួនឡូយឆាយ ហាក់បែរជាមើលទៅមានការរើសអើងដល់សមាជិកក្រុមដែលឈ្មោះថា ចាន់ឡា ដែលមហាជនភាគច្រើនបានស្គាល់គាត់ច្បាស់ថាជាក្មេងកំព្រាឪពុក រស់នៅជាមួយម្តាយខិតខំតស៊ូធ្វើការរកស៊ីចិញ្ចឹមម្តាយ ថែមទាំងជាបេក្ខនារីរឹងមាំដែលពោរពេញទៅដោយស្នាមញញឹម។
ព្រោះតែបេក្ខនារី៣នាក់ទៀតសុទ្ធសឹងតែជាស្រីស្អាតហាក់ធ្វើឲ្យ ចាន់ឡា រាងមានសម្ពាធជាខ្លាំង ដោយយើងតែងឃើញរូបនាង រក្សាគម្លាតស្ថិតនៅរាងឆ្ងាយពីអ្នកទាំង៣។ ពេលដែលគណៈកម្មការប្រកាសថា ស្រីយ៉ា ស្រីនិត និង ទេវី ជាប់ ចាន់ឡាហាក់មើលទៅអស់សង្ឃឹមជាខ្លាំង។ ដែលនេះជាចំណុចដែលធ្វើឲ្យមានការរិះគន់កើតឡើង ព្រោះតែនារីទាំង៣ដែលជាប់បែរជាដើរចេញដោយគ្មានខ្វល់ ឬលើកទឹកចិត្តមិត្តរួមក្រុមអ្វីបន្តិចសោះឡើយ។
ទន្ទឹមនឹងការរិះគន់ គេក៏សង្កេតឃើញមានមហាជនជាច្រើនបានប្រកាសស្វែងរកការទំនាក់ទំនងទៅប្អូនស្រី ចាន់ឡា ដើម្បីឧបត្ថម្ភជាសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួននៅក្នុងបណ្តាញសង្គមផងដែរ។