កម្ពុជា នឹងទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្ការ
លោក Maithripala Sirisena ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្ការ គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧-១០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
លោក Maithripala Sirisena នឹងអញ្ជើញមកដល់កម្ពុជា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ ហើយនៅព្រឹកថ្ងៃទី០៨ ខែសីហា ព្រះរាជបដិសណ្ឋាកិច្ចផ្លូវការនៅក្នុងព្រះបរមរាជវាំង បន្ទាប់មកប្រធានាធិបតីស្រីលង្កា នឹងព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាកច្រកម្ពុជា។ បន្ទាប់ពីជំនួបចប់ ប្រធានាធិបតីស្រីលង្ការ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរូប ព្រះបរមរតនកោដ្ឋ។
នៅរសៀលថ្ងៃទី០៨ ខែសីហា ប្រធានាធិបតីស្រីលង្ការ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញទៅទស្សនានៅខេត្តសៀមរាប។ នៅថ្ងៃទី១០ ខែសីហា លោក Maithripala Sirisenaនឹងអញ្ជើញដាំដើមឈើតំណាងប្រទេសស្រីលង្ការ នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ខេត្តកណ្តាល៕