សម្តេច ស ខេង ៖ ការរឹតបន្តឹង ការពាក់មួក សុវត្ថិភាព ទទួលលទ្ធផលល្អ តែអត្រាស្លាប់នៅតែមានច្រើន
ភ្នំពេញ៖ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ សម្តេច ស ខេង បានលើកឡើងថា “ទោះបីជាការអនុវត្ត យុទ្ធនាការរឹតបន្តឹង ការពាក់មួក សុវត្ថិភាពមួយ រយៈនេះ ទទួលបានលទ្ធផល វិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមរណៈ នៅតែមានចំនួនច្រើន ហើយចំនួនអ្នករបួស នៅតែបន្តកើនឡើង ដោយពុំទាន់មាន សញ្ញាថមថយនៅឡើយ”។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះកងកម្លាំង មានសមត្ថកិច្ច ពិសេសនគរបាល ចរាចរណ៍ទូទាំងប្រទេស ដែលបានខិតខំ ប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ សំដៅធ្វើយ៉ាងណា ឲ្យអ្នកដំណើរតាមមធ្យោបាយ ទោចក្រយានយន្ត ទាំងអស់ពាក់មួកសុវត្ថិភាព បានគ្រប់ៗគ្នា ។ ចំពោះ លទ្ធផលនៃយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរ តាមមធ្យោបាយ ទោចក្រយានយន្ត ទូទាំងប្រទេស ដែលបានធ្វើឲ្យ អត្រាមរណៈមានការថយចុះ ។
សម្តេច ស ខេង បានថ្លែងទៀតថា ពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ប្រកប ដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់ ។
សម្តេចបានអំពាវនាវពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប ។
យោងតាមរបាយការណ៍លទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងរយៈពេល ១៣ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) បានបង្ហាញថា អត្រាមរណៈចំពោះអ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត បានថយចុះ ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព បានថយចុះ ៥នាក់ បើប្រៀបធៀបរយៈពេល ១៣ថ្ងៃ មុនការអនុវត្តយុទ្ធនាការ ៕