ឃើញទុរ៉េនលក់បានថ្លៃ លោកចោរនាំគ្នាបំពុលឆ្កែ ហើយចូលលួចបេះផ្លែទុរ៉េននៅក្នុងចំការមួយកន្លែងយកលក់អស់គ្មានសល់
ម៉ាឡេស៊ី៖ ចោរមួយក្រុមបានបំពុលឆ្កែ ដែលគេចិញ្ចឹមសម្រាប់យាមចំការងាប់អស់ជាច្រើនក្បាល និងធ្វើសកម្មភាពចូលលួចបេះផ្លែទុរ៉េននៅក្នុងចំការមួយកន្លែងអស់ខ្ទេចគ្មានសល់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងចំការទុរ៉េន Perak ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ជូនថា សម្រាប់នៅក្នុងប្រទេសម៉ាឡេស៊ីទុរ៉េនគឺជាផ្លែឈើមួយប្រភេទដែលមានតម្លៃថ្លៃ និងមានតម្រូវការខ្ពស់ផងដែរក្នុងទីផ្សារ។
ព្រោះតែវាលក់បានថ្លៃដូចនេះហើយ ទើបក្រុមចោរខាងលើនេះសម្រេចធ្វើសកម្មភាពលួចទុរ៉េនទ្រង់ទ្រាយធំតែម្តង គឺបំពុលឆ្កែឲ្យងាប់អស់ និងចូលលួចទុរ៉េនដែលទុំអាចលក់បានអស់ជាច្រើនផ្លែ។ បើតាមម្ចាស់ចំការបានឲ្យដឹងថា ទុរ៉េនដែលបានបាត់នោះមានតម្លៃរាប់រយដុល្លារ ហើយគាត់គិតថាចោរមិនបាលួចទុរ៉េននេះយកទៅញ៉ាំទេ តែលួចយកទៅលក់បន្តតែម្តង។ រហូតមកទល់នឹងពេលនេះ ប៉ូលិសកំពុងតែបើកការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនក្រុមចោរដែលបានលួចបេះទុរ៉េនទាំងនោះ៕