រដ្ឋមន្រ្តីអាមេរិក ប្រាប់ឱ្យប្រទេសដទៃយកគំរូតាមកម្ពុជា ក្នុងរឿងច្រានចោលមូលដ្ឋានទ័ពចិន
(ថៃ)៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលបានដកស្រង់សម្តីលោក Mike Pompeo ក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ថាលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក បានប្រាប់ឱ្យប្រទេសដទៃ យកគំរូតាមកម្ពុជា បន្ទាប់ពីប្រទេសនេះ បានច្រានចោលនូវការចោទប្រកាន់ជាបន្តបន្ទាប់អំពីការតាំងមូលដ្ឋានយោធាចិន។
លោកបានអំពាវនាវឱ្យប្រទេសនានា ការពារអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងការតាំងមូលដ្ឋានយោធារបស់ចិន ពោលគឺលោកសំដៅទៅតំបន់សមុទ្រចិនខាងត្បូង ជាកន្លែងដែលចិន កំពុងមានវិវាទជាមួយប្រទេសអាស៊ានមួយចំនួន។
លោក Mike Pompeo បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី (ការបរទេស) អាស៊ាន-អាមេរិក កម្ពុជាបានបដិសេធចំពោះរបាយការណ៍ដែលថាខ្លួនបានសម្រេចឱ្យតាំងមូលដ្ឋានយោធាចិនក្នុងប្រទេស។ យ៉ាងណាក៏ដោយ យើងស្វាគមន៍ចំពោះការការពារដ៏រឹងមាំរបស់កម្ពុជានូវអធិបតេយ្យភាពរបស់ខ្លួនបែបនេះ ហើយជំរុញឱ្យប្រទេសដទៃយកគំរូតាមកម្ពុជា»។
សូមរំលឹកថា កាលពីខែកក្កដាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលចំពោះការចេញផ្សាយរបស់ The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ៕
ប្រភព៖ Bangkok Post