ថៃ គ្រោងបន្ដទិញមីស៊ីលលឿនជាងសំឡេង ដែលដែលផលិតដោយរុស្សី-ឥណ្ឌា
(ឥណ្ឌា)៖តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា The Hindu នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថាថៃ ទំនងអាចក្លាយជាប្រទេសដំបូងគេទិញមីស៊ីលលឿនជាងសំឡេង BrahMos ដែលអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា។
សារព័ត៌មាននេះ បានដកស្រង់សម្តីប្រភពក្រសួងការពារជាតិឥណ្ឌាឱ្យដឹងថា ការចរចារវាងភាគីទាំង២ កំពុងតែបន្តធ្វើឡើង ប៉ុន្តែកិច្ចព្រមព្រៀងនឹងមិនធ្វើឡើងក្នុងឆ្នាំនេះទេ ពោលគឺអាចនឹងឆ្នាំក្រោយ។
ប្រភពនេះបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំង២ បានបើកកិច្ចពិភាក្សាអំពីការទិញមីស៊ីលនេះ ដែលត្រូវបានគេប្រសិទ្ធនាមថា ជាមីស៊ីលលឿនបំផុតក្នុងពិភពលោក កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងទឹកថៃ ទៅកាន់ប្រទេសឥណ្ឌា»។
កាលពីខែឧសភាកន្លងទៅ មន្រ្តីឥណ្ឌាមួយរូបបានអះអាងថា ប្រទេសអាស៊ានជាច្រើន និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានបង្ហាញការចាប់អារម្មណ៍លើមីស៊ីល BrahMos ក្នុងក្តីសង្ឃឹមថា នឹងអាចលក់មីស៊ីលនេះជាលើកដំបូង៕
ប្រភព៖ The Hindu