លោក ផៃ ស៊ីផាន ៖ អរគុណរដ្ឋមន្ត្រីការបរទេសអាមេរិក ផ្តល់យុត្តិធម៌ឱ្យកម្ពុជា
ភ្នំពេញ៖ ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់ យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង»។ នេះជាការលើកឡើងរបស់ លោក ផៃ ស៊ីផាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ
ការថ្លែងរបស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការស្វាគមន៍ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ជាមួយគ្នានេះលោកបានកោតសរសើរ ប្រទេសកំពុងអភិវឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយកលំនាំតាម។
ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
ពាក់ពន្ធ័រឿងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»៕
អត្ថបទ៖ សុខ លាភ