លោក ជិន ម៉ាលីន សិទ្ធិទទួលបានយុត្តិធម៌ ពលរដ្ឋទទួលបាន ការលើកតម្កើន តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថា បញ្ហាប្រជាធិបតេយ្យ នីតិរដ្ឋ ក៏ដូចជាសិទ្ធិមនុស្ស ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងការលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌ របស់ប្រជាពលរដ្ឋ។
លោកថា បើយើងនិយាយពីបញ្ហាសិទ្ធិមនុស្ស យើងឃើញថាកម្ពុជារីកចម្រើន គួរឱ្យកត់សម្គាល់ជាទិដ្ឋភាពរួម ពីព្រោះបើយើងវាយតម្លៃពីសិទ្ធិមនុស្ស មិនមែនមើលតែផ្នែកណាមួយនោះទេ»។
លោកបន្តថា «គេមិនវាយតម្លៃមើល តាមតែក្រុមមាននិន្នាការប្រឆាំង ឬក្រុមមានការស្អប់ខ្ពើមរាជរដ្ឋាភិបាល គេមើលតែមួយជ្រុង ដោយភ្ជាប់បញ្ហានយោបាយ។ ប៉ុន្តែសម្រាប់អ្នកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ ពីបញ្ហាសិទ្ធិមនុស្សនេះ គឺគេវាយតម្លៃគ្រប់ទិដ្ឋភាព»។
លោក ជិន ម៉ាលីន ថ្លែងថា ដើម្បីវាយតម្លៃសិទ្ធិមនុស្ស នៃប្រទេសមួយ មានការរីកចម្រើន ឬអត់ គឺត្រូវមើលគ្រប់ទិដ្ឋភាព រួមមាន៖ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ នយោបាយ សិទ្ធិរបស់ក្រុមពិសេសជាក់លាក់ ដូចជា សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនជាតិដើម ជនជាតិភាគតិច សិទ្ធិជនពិការ រួមទាំងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។
ក្នុងនាមជាអ្នកបច្ចេកទេស ការវាយតម្លៃគេត្រូវមើលរួម ហើយយើងសង្កេតឃើញថា ជារួមសិទ្ធិទាំងអស់នេះត្រូវបាន ការការពារ ការលើកតម្កើន និងមានការរីកចម្រើន តាមរយៈសូចនាករមួយចំនួន។ យើងអាចវាយតម្លៃ សិទ្ធិសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ ពលរដ្ឋ នយោបាយ ជនជាក់លាក់ ដែលមានការរីកចម្រើន តាមរយៈកំណើននៃការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច កំណើននៃភាពមានការងារធ្វើ ការកាត់បន្ថយអត្រានៃភាពក្រីក្រ ស្ថានភាព ស្ថិរភាព សន្តិសុខសង្គម។ ស្ថានភាពទាំងអស់នេះហើយ គឺបង្ហាញថា ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ មានភាពប្រសើរឡើង ហើយស្ថានភាពសិទ្ធិប្រជាពលរដ្ឋ មានភាពប្រសើរឡើងផងដែរ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងបន្ថែមថា នៅប្រទេសកម្ពុជា បើគេមើលទៅលើសិទ្ធិនយោបាយវិញ ទាក់ទងនឹងការជួបជុំ ការបញ្ចេញមតិ ការធ្វើបាតុកម្ម ការសម្តែងមតិជាដើម ក៏គេសង្កេតឃើញថា មានការការពារ និងលើកតម្កើន ក៏ប៉ុន្តែហេតុអ្វីគេឃើញថា មានចំណាត់ការច្បាប់ ទៅលើជនមួយក្រុមតូច អនុវត្តន៍សិទ្ធិទាំងអស់នេះ។ ការអនុវត្តច្បាប់លើពួកគេ ដោយសារតែពួកគេ អនុវត្តន៍ក្នុងផ្លូវខុស ដែលបំពានច្បាប់។
យើងមើលជារួមប្រជាពលរដ្ឋ យើងជាច្រើនកំពុងតែរីកចម្រើន កំពុងតែសប្បាយរីករាយ ជាមួយនឹងសិទ្ធិនយោបាយទាំងអស់នេះ រួមមានការប្រើបណ្តាញសង្គម ការបញ្ចេមតិតាមបណ្តាញសង្គម ការជួបជុំគ្នា ការប្រារព្ធពិធីជួបជុំគ្នាជាដើម អត់មានបញ្ហា ដោយសេរី ចុះហេតុអីបានជាមួយក្រុមតូច ធ្វើសកម្មភាពអស់នេះមានបញ្ហា? ដោយសារសកម្មភាពអស់នោះ មិនមែនជាសកម្មភាពអនុវត្តន៍ សិទ្ធិតាមផ្លូវច្បាប់នោះទេ ក៏ប៉ុន្តែជាការជួបជុំ និងបង្កសកម្មភាព បង្កប់នូវចេតនាទុច្ចរិតនៅពីក្រោយ ដែលជាការបំពានរដ្ឋធម្មនុញ្ញ ច្បាប់កំពូលរបស់កម្ពុជា»។ នេះជាកាលើកឡើងរបស់លោក ជិន ម៉ាលីន។
លោកថា «ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យ ត្រូវតែអនុវត្តន៍ច្បាប់ ដើម្បីទប់ស្កាត់អំពើទាំងឡាយណា ដែលជាបទល្មើស ហើយបង្កភាពចលាចលក្នុងសង្គម ហើយការអនុវត្តច្បាប់ទាំងអស់នេះ មិនមែនជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ គឺជាវិធានការចាំបាច់តែមួយគត់ ក្នុងការទប់ស្កាត់ និងថែរក្សានូវសន្តិភាព សណ្តាប់ធ្នាប់សង្គម»។ នេះជាការអះអាង ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌។
បើតាមលោក ជិន ម៉ាលីន ពាក់ព័ន្ធនឹងសិទ្ធិទទួលបានយុត្តិធម៌វិញ ប្រជាពលរដ្ឋទទួលបាន ការលើកតម្កើនសិទ្ធិយុត្តិធម៌ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ជាគោលការណ៍ទិសដៅ នៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា គឺទទួលបានសិទ្ធិលើកស្ទួយយុត្តិធម៌ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយការលើកតម្កើន សិទ្ធិទទួលបានយុត្តិធម៌នេះ គឺតាមរយៈការបង្កើននូវ សេវាយន្តការយុត្តិធម៌៕
អត្ថបទ៖ សុខ លាភ