លោក ជិន ម៉ាលីន៖ ការសុំទម្លាក់ចោលការចោទប្រកាន់ទៅលើ លោក កឹម សុខា គឺមិនអាចទៅរួចនោះឡើយ
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» ដែលធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានថ្លែងថា សំណើសុំការទម្លាក់ចោលការចោទប្រកាន់ទៅលើ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅរួចនោះឡើយ ហើយក៏មិនអាចមកបញ្ជាមកមកលើរាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋអធិបតេយ្យមួយនោះបានទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា រាជរដ្ឋាភិបាលមិនមានសិទ្ធិអ្វីដើម្បីអន្តរាគមន៍ទៅស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យ ហើយក៏មិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងមាននីតិរដ្ឋផងដែរ។
ការថ្លែងបែបនេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook ដោយលើកឡើងអំពីអតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក កឹម សុខា។
ឆ្លើយតបសំណើទូតអាមេរិកទម្លាក់បទចោទលើលោក កឹម សុខា, លោក ជិន ម៉ាលីន ថា «រដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាបានឡើយ ហើយគ្មានឥទ្ធិពលអ្វីមកលើកម្ពុជា»៕
អត្ថបទ៖ សុខ លាភ