ក្រសួងកសិកម្មម៉ាឡេស៊ី «ឈប់ឲ្យនាំចូលម្ទេសពីវៀតណាម» ព្រោះផ្ទុកសារធាតុគីមីជ្រុលហួស…
(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនអនុញ្ញាត ឱ្យមានការនាំចូលម្ទេសពីប្រទេសវៀតណាម ឡើយរហូតដល់ចុងឆ្នាំ២០១៩ ដោយសារតែក្រុមជំនាញបានរកឃើញ «សារធាតុគីមីលើសកម្រិត» ផ្ទុកនៅក្នុងម្ទេសដែលនាំចូលពីវៀតណម។ នេះបើតាមឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន New Straits Times នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
ឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី លោក ស៊ី ត្សេត្ស៊ីន (Sim Tze Tzin) បានបញ្ជាក់ទៀតថា ការសម្រេចចិត្តដូចខាងលើនេះ គឺដោយសារតែម្ទេសក្រហមនាំចូលពីប្រទេសវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីលើសកម្រិតដែលអនុញ្ញាត។ ប៉ុន្តែទន្ទឹមគ្នា លោក Sim បានសង្កត់ដែរថា ខាងរដ្ឋាភិបាលម៉ាឡេស៊ីនឹងលុបចោលបម្រាមនេះទៅវិញ បើសិនវៀតណាមបំពេញតាម លក្ខខណ្ឌដូចជា មានលិខិតបញ្ជាក់ពីគុណភាពម្ទេស ទៅតាមបទដ្ឋានស្ដង់ដារជាដើម។ គួរជម្រាបថា ម៉ាឡេស៊ីបាននាំចូលមេ្ទសពីវៀតណាមជាផ្លូវការកាលពីឆ្នាំ២០១៦ ហើយម៉ាឡេស៊ី កូរ៉េខាងត្បូង និងចិនគឺជាប្រទេសធំៗចំនួនបីដែលទិញម្ទេសពីវៀតណាម៕