តុលាការចោទប្រកាន់ ប្រធាន, អនុប្រធាន និង មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស
(ភ្នំពេញ)៖ បន្ទាប់ពីបើកការស៊ើបសួរ លោកបានសម្រេចចោទប្រកាន់លើប្រធាន, អនុប្រធាន និង មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស រួមមាន បទ វីតិក្រម, បទរំលោភអំណាច និងបទសំអាតប្រាក់។ នេះបើយោងតាមលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានប្រាប់ក្រុុមអ្នកសារព័ត៌មានតាម Telegram នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយពីចោទប្រកាន់រួច តំណាងអយ្យការបាន បញ្ជូនសំណុំរឿងទៅជូនចៅក្រមស៊ើបសួរដើម្បីពិនិត្យ និងសម្រេចបន្តតាមច្បាប់។
សូមជម្រាបជូនថា ជនត្រូវចោទទាំង៣ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ឱម យ៉ិនទៀង បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ដោយសារតែពួកគេនាំគ្នាទាមទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារជាថ្នូរនឹងការចេញច្បាប់សាងសង់៕
អត្ថបទ៖ សុខ លាភ