អតីតសកម្មជនបក្សប្រឆាំងម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ពន្ធប្រមាថថ្នាក់ដឹកនាំ នៅលើFacebook
(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ដល់អង្គភាពព័ត៌មាន បានអោយដឹងថា កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បានឃាត់ខ្លួន អតីតសកម្មជនរបស់ អតីតគណបក្សប្រឆាំងម្នាក់ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook។
លោក ជា ពៅ អះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម។
ជនដែរត្រូវចាប់ខ្លួនឈ្មោះ ម៉ៃ ហុងស្រៀន ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ។
រហូតមកដល់ពេលនេះ អតីតសកម្មជនបក្សប្រឆាំងខាងលើ កំពុងត្រូវបានសួរនាំ ដោយកម្លាំងសមត្ថកិច្ច ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចនឹងបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខ លាភ