អភិក្រមទី៥ «វះកាត់»ត្រូវបានអនុវត្តជាបន្តបន្ទាប់ ចំពោះមន្ត្រីមន្ត្រីខិលខូច ជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ៖ បន្ថែមពីឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈទំព័រ​ហ្វេស​បុកនៅព្រឹកនេះ សម្តេចតេជោ​ បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ​ឱ្យចុះទៅ​ចាត់​ការផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយចាប់យកត្រង់ៗតែម្តង ដោយមិន​ចាំបាច់​មក​តាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះ មិនត្រឹមតែដកតំណែងចេញនោះទេ តែត្រូវ​ពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។

សម្តេចថា ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករ​លួយបានចុះ​ទៅ​ចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រី​សុរិយោ​ដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការ​អនុញ្ញាតឱ្យ​សាងសង់​សំណង់រោងចក្រនៅទីនោះ ដែលសម្តេចតេជោបានដឹងអំពីរឿងនេះច្បាស់។

ការប្រព្រឹត្តអំពើពុករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។ អរគុណ​បង​ប្អូន​ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដែលបានចូលរួមចំណែក​ផ្តល់នូវដំណឹងក៏ដូចជាព័​ត៌មានក្នុងការចូល​រួមទប់ស្កាត់អំពើពុករលួយ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds