ឥណ្ឌា​ហាក់ស្រពេចស្រពិលក្នុងការទិញដ្រូនពីអាមេរិក ក្រោយ​ត្រូវបាញ់​ទម្លាក់​ដោយ​អ៊ីរ៉ង់

យោងតាមការចុះផ្សាយ​របស់ Hindustan Times កាលពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយដកស្រង់សម្តីប្រភពយោធាឥណ្ឌាថា កងទ័ព​អាកាស​ឥណ្ឌា កំពុង​គិត​ពិចារណា​ឡើងវិញ​ក្នុងការ​ទិញ​ដ្រូន​អាមេរិក ចំនួន​៣០គ្រឿង ដែលមាន​តម្លៃ ៦ពាន់លានដុល្លារ បន្ទាប់ពី​ដ្រូន​អាមេរិក​មួយគ្រឿង​ត្រូវបាន​ទាហាន​អ៊ីរ៉ង់ បាញ់​ទម្លាក់​កាលពី​ខែមុន។

សូមបញ្ជាក់ថា កងទ័ពអាកាសឥណ្ឌា កំពុង​បារម្ភ​អំពី​ប្រសិទ្ធភាព និង​ការរស់រាន (ភាព​រឹងមាំ) ​របស់​ដ្រូនអាមេរិក ក្នុងអំឡុង​ប្រតិបត្តិការនៅ​តាមដែន​អាកាស​ព្រំដែន​ឥណ្ឌា ជាពិសេស​ជាមួយ​ប្រទេស​ប៉ាគីស្ថាន ដែល​ជាសត្រូវ​ស្លាប់រស់។

​គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ យន្តហោះ​ដ្រូន​អាមេរិក RQ-4A Global Hawk ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ីរ៉ង់។  យោធា​អាមេរិក​អះអាង​ថា ដ្រូន​របស់​ខ្លួន​នេះ គឺ​បាន​ប្រតិបត្តិការ​ក្នុង​ដែន​អាកាស​អន្តរជាតិ​លើ​តំបន់​ច្រកសមុទ្រ Hormuz ប៉ុន្តែ​អ៊ីរ៉ង់​ចោទ​ថា ដ្រូន​នេះ គឺ​បាន​ឆ្លងចូល​ព្រំដែន​របស់​ខ្លួន ដើម្បី​ឈ្លបការណ៍៕

ប្រភព៖ Hindustan Times

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds