លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយគម្រោងទិញអាវុធពីចិន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយថា លោកគ្រោងស្នើឱ្យដកលុយជិត ៤០លានដុល្លារ ដើម្បីទិញអាវុធពីចិន យកមកជំនួសអាវុធចាស់ៗ និងដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។
លោកបានលើកឡើងថា៖ {ឆ្នាំនេះ ខ្ញុំឱ្យដកលុយជិត ៤០លានដុល្លារដើម្បីទិញអាវុធពីចិន បន្ថែមទៅលើ២០០លានដុល្លារ ដែលឱ្យពីមុនសម្រាប់ការទិញ ហើយនឹង ៩០លានដុល្លារ ដែលឱ្យលើកក្រោយ ក្នុងពេលដែលខ្ញុំទៅ (ចិន)។ ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី។ មកដល់កំពង់សោម អ្នកឯងមើលទៅ វាមានស្អី។ នៅលើលោកនេះ ប្រទេសណាអត់កាំភ្លើង។ កាំភ្លើងរបស់កម្ពុជា វារាងចាស់ៗតិចហើយ អ៊ីចឹង ខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមមកទៀត យកមកស្តុកទុក យកអាចាស់មកជួសជុល។ ឆ្នាំមុន ទៀ បាញ់ សុំតែ ២៥លាន តែលើកនេះ ខ្ញុំម្ចាស់ការឱ្យរៀបគម្រោងស្នើលុយ ឱ្យទិញអាវុធ ពីចិន និយាយឱ្យត្រង់ៗតែម្តង}៕
កែសម្រួល៖ ឆ្មាសរ