មនុស្ស ៣នាក់ស្លាប់ និង ១២នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅឯពិធីបុណ្យម្ហូបអាហារ ក្នុងរដ្ឋកាលីហ្វញ៉ា
កាសែតញូវយ៉កថែមស៍បានឱ្យដឹងថា មនុស្ស ៣នាក់បានស្លាប់ ហើយ ១២នាក់ ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅឯពិធីបុណ្យម្ហូបអាហារ (Gilroy Garlic Festival) នៅរដ្ឋកាលីហ្វញ៉ា។ ពិធីបុណ្យនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលរៀបចំឡើងនៅប្រហែល ៥០ គីឡូម៉ែត្រខាងត្បូងទីក្រុងសានចូស។ សមាជិកក្រុមប្រឹក្សាក៏បានរាយការណ៍ផងដែរថា ជនសង្ស័យម្នាក់ត្រូវបានគេចាប់ខ្លួន ប៉ុន្តែប៉ូលីសនៅតែល្បាតនៅកន្លែងកើតហេតុ ហើយពួកគេក៏បានជម្រុញឱ្យប្រជាជនចៀសចេញតំបន់នេះ។
អាជ្ញាធរបាននិយាយថា មន្ត្រីប៉ូលីសបានចាប់ខ្លួនអ្នកវាយប្រហារម្នាក់ ប៉ុន្តែពួកគេនៅតែបន្តធ្វើការស៊ើបអង្កេតថា តើគាត់មានអ្នកផ្សំគំនិតផ្សេងទៀត ឬយ៉ាងណា។ ស្នងការប៉ូលីស Gilroy លោក Scot Smithee បាននិយាយថា សាក្សីបានរាយការណ៍ថា បុរសទី២ ម្នាក់ត្រូវបានជាប់ពាក់ព័ន្ធ ប៉ុន្តែប៉ូលីសនៅតែកំពុងស្វែងរកគាត់នៅឡើយ។ លោកបាននិយាយថា ខ្មាន់កាំភ្លើងអាចចៀសផុតពីកងសន្តិសុខរបស់ពិធីបុណ្យនេះ ដោយចូលពីតំបន់ព្រែក និងកាត់តាមរបងរបស់ពិធី៕
ប្រភព៖ New York times