សម្តេចតេជោ ប្រកាសបញ្ជូនសំរាមទៅប្រទេសដើមវិញ ក្រោយរកឃើញសម្រាមជាង១៦០០តោន នៅព្រះសីហនុ
ភ្នំពេញ៖ ថ្លែងក្នុងពិធីអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំនេះ ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសកម្ពុជា សុទ្ធតែជាប្រទេសដែលទទួលបានសំរាមពីបរទេស។ សម្តេចតេជោ ប្រកាសថា នឹងបញ្ចូនសំរាមនោះទៅប្រទេសដើមវិញ។
សម្តេចបានប្រកាសថា កម្ពុជាមិនមែនជាធុនសំរាមបោះចោល បច្ចេកវិទ្យាហួសសម័យនោះទេ ហើយក៏បានជំទាស់នឹងការសុំវិនិយោគ ដោយប្រើប្រាស់សំរាមដឹកមកពីក្រៅប្រទេសដែរ។សម្តេចតេជោ ក៏បានជំទាស់នឹងការជួយធ្វើជីឲ្យកម្ពុជា ដោយប្រើប្រាស់សំរាមដឹកមកពីក្រៅប្រទេសផងដែរ។សម្តេចតេជោ បញ្ជាក់ថា កម្ពុជា យល់ព្រមឲ្យមានការវិនិយោគសំរាមនៅក្នុងស្រុក មិនមែនសំរាមដឹកមកពីប្រទេសក្រៅនោះទេ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានចុះបង្ក្រាបការលួចនាំចូលកាកសំណល់សំរាមចូលមកកម្ពុជានៅក្នុងកំពង់ផែខេត្តព្រះសីហនុ មានចំនួន៨៣កុងទឺន័រ រកឃើញសំរាមចំនួនជា១៦០០តោន៕
អត្ថបទ៖ សុខ លាភ