ប្រាក់ចំណេញរបស់ក្រុមហ៊ុន Nokia ថយចុះនៅត្រីមាសទី២នេះ

(ក្រុងហែលស៊ីនគី)៖ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍ Nokia របស់​ប្រទេស ហ្វាំងឡង់ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា ការ​ខាត​បង់​របស់​ក្រុមហ៊ុន​បាន​​ថយ​ចុះ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​នេះ ដោយសារ​តម្រូវការ​បណ្តាញ​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ​មាន​ភាព​រឹងមាំ ហើយ​ក្រុមហ៊ុន​រក្សា​ការ​ព្យាករ​សម្រាប់​​រយៈពេល​ពេញ​មួយ​ឆ្នាំ​នៅ​ដដែល។

ក្រុមហ៊ុន Nokia បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន​បាន​កត់ត្រា​ការ​ខាតបង់​សុទ្ធ​ចំនួន ១៩៣ លាន​អឺរ៉ូ (២១៥ លាន​ដុល្លារ) នៅ​អំឡុង​ពី​ខែ​មេសា​ដល់​ខែ​មិថុនា ធៀប​នឹង​ការ​ខាត​បង់​ចំនួន ២៧១ លាន​អឺរ៉ូ​​ក្នុង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន។

ប្រាក់​ចំណូល​បាន​កើន​ឡើង ៨,២ ភាគរយ ​ដល់ ៥,៧ ពាន់​លាន​​អឺរ៉ូ ដែល​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​វិភាគ។

សម្រាប់​ប្រាក់​ចំណេញ​ប្រតិបត្តិការ​វិញ ការ​ខាត​បង់​នៅ​ត្រីមាស​ទី២ នេះ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៥៧ លាន​អឺរ៉ូ ពី​ចំនួន ២២១ លាន​អឺរ៉ូ ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ក្រុមហ៊ុន Nokia កំពុង​កំណត់​ទិសដៅ​អនុបាត​ប្រាក់​ចំណេញ​ប្រតិបត្តិការ​មួយ​ដែល​មាន​ចន្លោះ​​ពី ៩ ទៅ ១២ ភាគរយ ​សម្រាប់​ឆ្នាំ ២០១៩ និង​ពី ១២ ​ទៅ ១៦ ភាគរយ​នៅ​ឆ្នាំ ​២០២០៕

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds