វៀតណាមទើបតែដាក់សម្ពោធបណ្ដាញសង្គមផ្ទាល់ខ្លួន ឈ្មោះថា Gapo ដែលស្រដៀងនឹង Facebook
បណ្តាញទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Gapo Technology ដែលមានផ្ទៃពណ៌បៃតង ជាមួយនឹងចំណុចប្រទាក់ (interface), ប្លង់ (layout) និងលក្ខណៈពិសេស (feature) ស្រដៀងគ្នាទៅនឹង Facebook ដែរ។
ក្រៅពីមុខងារជាមូលដ្ឋានរបស់វា វាក៏មានដូចជា៖ ការផ្ញើសារ ការបង្ហោះ ការបន្ថែមចំនួនមិត្តភក្ដិ ការចុចចូលចិត្ត និងការចែករំលែកការបង្ហោះ -ល- ដែលទាំងអស់នេះគឺសុទ្ធតែមុខងារមាននៅលើ Facebook ទាំងអស់។ Gapo ក៏មានមុខងារបន្ថែមពិសេសដើម្បីលម្អការបង្ហោះ Story របស់ពួកគេដែរ ហើយចំណុចមួយវិញទៀតគឺវាតម្រូវឱ្យមានការបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវទើបអាចចុះឈ្មោះជាប់ក្នុងកម្មវិធីនេះបាន។ Gapo ក៏មានការកែតម្រូវពាក្យគន្លឹះដោយស្វ័យប្រវត្តិ និងពិនិត្យមើលព័ត៌មានដែលមិនល្អ ដោយផ្អែកលើព័ត៌មានដែលបានរាយការណ៍ដោយអ្នកប្រើប្រាស់។
អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះនៅលើ Google Play Store, App Store ឬចូលទៅកាន់ www.gapo.vn ដើម្បីចុះឈ្មោះ។ ចំណែកនៅក្នុងពិធីបើកសម្ពោធកម្មវិធីបណ្ដាញសង្គមថ្មីនេះ ក្រុមហ៊ុន Gapo Technology ក៏បានទទួលការវិនិយោគទុនចំនួន ៥០០ពាន់លានដុង (២១.៥លានដុល្លារ) ពី G-Capital ដែលនឹងត្រូវយកមកប្រើប្រាស់ក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ ជាមួយនឹងការរំពឹងទុកថានឹងមានអ្នកប្រើប្រាស់ចំនួន ៥០លាននាក់ នៅត្រឹម ឆ្នាំ២០២១៕