លោក ឱម យ៉ិនទៀង បកស្រាយករណីដែលឈានដល់ការឃាត់ខ្លួនប្រធានមន្ទីររៀបចំ​ដែនដីខេត្តពោធិ៍សាត់ នឹងបក្សពួក

​ភ្នំពេញ​៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ នៅខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអោយដឹងថាការចាប់ខ្លួននេះបន្ទាប់ពីប្រធានមន្ទីរូបនេះបានទាលុយជាថ្នូចេញច្បាប់សាងសង់ចំនួន១០ម៉ឺនដុល្លា។

ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ ដែលត្រូវចាប់ខ្លួន៣នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនមានទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់,ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ៩៖៣៥នាទីព្រឹកម្សិលមិញ ទីដែលលោក និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ទៀត ចាប់ខ្លួននៅក្នុងពេលនោះតែម្តង។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បាន​បញ្ជាក់ថា ករណីពីរដែលឈានដល់ការឃាត់ខ្លួនប្រធាន​មន្ទីរ​រៀបចំ​ដែនដីន​គររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់ នឹងបក្សពួក ករណីទី១ ប្រធាន​មន្ទីរបានទារលុយគេ ៤​ម៉ឺន​ដុល្លារ តែ​គេ​មិន​ព្រម ករណី​មួយទៀត ប្រធាន​មន្ទីរ​នេះ បាន​ទារ​គេ​ដល់ ១០​ម៉ឺន​ដុល្លារ ទើប​ចេញ​ច្បាប់​សាងសង់​ឲ្យ​គេ ហើយ​ត្រូវ​កក់​ភ្លាម ៥០% ( ៥​ម៉ឺន​ដុល្លារ )​។​

​លោក ឱម យ៉ិនទៀង បន្តថា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ អ្នកស្នើ​សុំច្បាប់​សាងសង់ បាន​កក់ ៥០០០ ដុល្លារ នៅ​បន្ទប់​ការិយាល័យ​របស់​ប្រធាន​មន្ទីរ​នោះ​តែម្តង​។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ អ្នក​សុំច្បាប់​សាងសង់ កក់​ឲ្យ ៤​ម៉ឺន ៥​ពាន់​ដុល្លារ​ទៀត បង្គ្រប់ ៥០% នៅ​ភោជនីយដ្ឋាន​មហាលាភ ទើប​អង្គភាព​ប្រឆាំង​អំពើពុករលួយ អបព នាំខ្លួន​មក​តែម្តង​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ លោក ឱម យ៉ិនទៀង ក៏បាន​បញ្ជាក់ថា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ន​រូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់ នៅមាន​រឿង​រំលោភ​អំណាច​ទៀត​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ន​រូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់ នៅ​ភោជនីយដ្ឋាន​មហាលាប ក្រុង​ពោធិ៍សាត់ កន្លែង​ដែល​លោក និង​ម្ចាស់​ដី​ជួបគ្នា ដើម្បី​ប្រគល់​លុយ​។​

​ប្រភពពី​សមត្ថកិច្ច​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា ក្រោយ​ការចាប់ខ្លួន​ប្រធាន​មន្ទីរ​សុរិយោដី ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ បាន​យកមក​សួរនាំ​នៅ​ភ្នំពេញ​៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds