ជនជាតិខ្មែរ នៅអូស្ត្រាលី បើកហាងកែសម្ផស្ស គ្មានច្បាប់
តាមការចុះផ្សាយរបស់ The Sun បានឱ្យដឹងថា អ្នកជំងឺរាប់រយនាក់អាចនឹងត្រូវបានឆ្លងមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ B និង C បន្ទាប់ពីពួកគេបានចូលទៅទទួលសេវាកម្មនៅហាងកែសម្ផស្សមួយកន្លែង ចំណែកឯឧបករណ៍នៅក្នុងហាងនោះផ្ទាល់ ក៏ត្រូវបានគេរាយការណ៍ថា ពោរពេញទៅដោយសត្វកន្លាតរោមពីលើយ៉ាងគ្មានអនាម័យ។ ប្រភពបានឱ្យដឹងថា មានមនុស្សជាង ១២០នាក់ បានមកទទួលសេវាកម្មនៅហាងកែសម្ផស្ស Sonoun Kimlee គ្មានច្បាប់នេះ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលលក់ទំនិញ Springvale នៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ហាងកែសម្ផស្សនេះជារបស់ប្ដីប្រពន្ធជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា Sonoun Saing និង Lee Kim Tan ។ ហើយក្រោមការចោទប្រកាន់ច្បាប់សុខភាពសាធារណៈ និងសុខុមាលភាព ប្ដីប្រពន្ធមួយគូនេះអាចនឹងត្រូវគេពិន័យទឹកប្រាក់ចំនួន ៤៩,៥០០ដុល្លារ។ វាមិនច្បាស់នោះទេថា ជនរងគ្រោះឆ្លងមេរោគទាំងនោះតាមរយៈអ្វី ប៉ុន្តែហានិភ័យដែលខ្ពស់បំផុតគឺជំងឺរលាកថ្លើមប្រភេទ B និង C ។
ខណៈពេលនេះដែរមន្ទីរសុខាភិបាលក្នុងតំបន់ បានអំពាវនាវឱ្យពួកគេទាំងអស់ទៅទទួលការធ្វើតេស្តឈាមភ្លាមៗផងដែរ ប៉ុន្តែមានតែ ៦៨នាក់ ប៉ុណ្ណោះដែលរាយការណ៍មកមន្ដ្រី។ ប្រភពដដែលបាននិយាយថា ហាងកែសម្ផស្សនេះគឺគ្មានច្បាប់ត្រឹមត្រូវនោះទេ ហើយបានបើកដំណើរការនៅក្រោមយីហោលក់គ្រឿងអលង្ការមួយ តាំងពីខែមករា ឆ្នាំ២០១៨ រហូតដល់វាត្រូវបែកការនៅក្នុងខែឧសភា។ សេវាកម្មដែលពួកគេដាក់បម្រើអតិថិជនរួមមាន៖ ការចាក់ Botox និង Filler, សាក់, លុបប្រជ្រុយ ក៏ដូចជាសេវាកម្មសម្ផស្សផ្សេងៗទៀត។
យ៉ាងណាមិញបន្ទាប់ពីបែកការណ៍រឿងបើកហាងកែសម្ឋស្សគ្មានច្បាប់ ហើយគ្មានវិជ្ជាជីវៈ និងអត់អនាម័យ បែបនេះ ស្ត្រីជាភរិយាក៏បានចាកចេញពីអូស្ត្រាលី។ ដោយលោក Sonoun Saing ជាស្វាមីបានធ្វើការសុំទោសជាសាធារណៈមុខសារព័ត៌មានអូស្ត្រាលី 7news ដោយលោកបានលើកឡើងថា ៖ “ខ្ញុំចង់និយាយទៅកាន់មនុស្សទាំងនោះដែលបានមកហាងកែសម្ឋស្សប្រពន្ធរបស់ខ្ញុំ: ខ្ញុំគោរពអ្នក ខ្ញុំស្រឡាញ់អ្នក ហើយខ្ញុំសុំទោស ហើយខ្ញុំក៏ចង់និយាយផងដែរថាខ្ញុំមិនបានបង្ខំអ្នកឱ្យមកហើយធ្វើរឿងនេះទេ”។ លោកបានបន្តថា ប្រពន្ធរបស់គាត់ក៏បានធ្វើការពិសោធន៍ពេញផ្ទៃមុខឃើញថាគ្មានបញ្ហា ហើយសំខាន់អតិថិជនដែលមកក៏ត្រូវមានការសរសេរជាលាយល័ក្ខអក្សរផងដែរ៕