សេដ្ឋកិច្ចកូរ៉េខាងជើង ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២១ឆ្នាំ
សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះក្នុងឆ្នាំ២០១៨ ដែលជាការធ្លាក់ចុះជាប់ៗគ្នារយៈពេល២ឆ្នាំ និងខ្លាំងបំផុតក្នុងរយៈពេល ២១ឆ្នាំមកនេះ ក្នុងខណៈដែលប្រទេសនេះ បានទទួលរងនូវទណ្ឌកម្មពីសហគមន៍អន្តរជាតិដោយសារបញ្ហានុយក្លេអ៊ែរ និងការជួបគ្រោះរាំងស្ងួត។ នេះបើតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េខាងត្បូង ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ផលិតផលក្នុងស្រុកសរុប GDP របស់កូរ៉េខាងជើង បានធ្លាក់ចុះត្រឹម ៤,១% ក្នុងឆ្នាំ២០១៨ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតគិតចាប់តាំងពីឆ្នាំ១៩៩៧មក បន្ទាប់ពីឆ្នាំ២០១៧ បានធ្លាក់ចុះ ៣,៥%។
កូរ៉េខាងជើង មិនដែលបង្ហាញស្ថិតិស្តីអំពីសេដ្ឋកិច្ចរបស់ខ្លួនឡើយ ពោលគឺរបាយការណ៍សេដ្ឋកិច្ចប្រទេសនេះ គឺធនាគារកូរ៉េខាងត្បូងឯណោះវិញទេ ដែលបានចេញផ្សាយចាប់តាំងពីឆ្នាំ១៩៩១មក ដោយផ្អែកលើព័ត៌មានដែលដកស្រង់ពីប្រភពផ្សេងៗរួមមានទាំងភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់កូរ៉េខាងត្បូងផងដែរ។
ពាណិជ្ជកម្មអន្តរជាតិរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០១៨ បានធ្លាក់ចុះ ៤៨,៤% បន្ទាប់ពីរងទណ្ឌកម្មកាលពីចុងឆ្នាំ២០១៦ និង ២០១៧ ពោលគឺបានកាត់បន្ថយការនាំចេញរបស់ប្រទេសនេះដល់ជិត ៩០%។
បន្ទាប់ពីទទួលរងទណ្ឌកម្មការនាំចេញធ្យូង និងរ៉ែ ទិន្នផលក្នុងវិស័យរ៉ែរបស់កូរ៉េខាងជើង បានធ្លាក់ចុះ ១៧,៨%។ រីឯវិស័យកសិកម្ម ព្រៃឈើ និងនេសាទ បានធ្លាក់ចុះ ១,៨% ដោយសារគ្រោះរាំងស្ងួត។
ធនាគារកូរ៉េខាងត្បូង បានបង្ហាញឱ្យដឹងថា ប្រជាជនកូរ៉េខាងជើង ត្រូវបានប៉ាន់ស្មានថា មានចំនួន ២៥,១៣លាននាក់ ខណៈចំណូលក្នុងមនុស្សម្នាក់ក្នុង១ឆ្នាំមានចំនួនជាង ៩៤៨ដុល្លារ៕
កែសម្រួល៖ ឆ្មាសរ