អភិបាលខេត្តបន្ទាយមានជ័យ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លា គ្មានមូសខ្លាគ្មានគ្រុនឈាម
បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធី ទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ បញ្ចប់ជំងឺគ្រុនឈាម ផ្ដើមចេញពីខ្ញុំ នៅថ្ងៃទី២៦ ខែកក្កដា នេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា
ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លា ពោលគឺគ្មានមូសខ្លាគ្មានគ្រុនឈាម។
លោក កែវ សុភ័ក្ដ្រ ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ដោយផ្អែកលើទិន្នន័យនៃករណីជំងឺគ្រុនឈាម តាមបែបអេពីដេមីសាស្ត្រ ក្នុងឆ្នាំ២០១៩នេះ គឺជាវដ្ដនៃការផ្ទុះទ្រង់ទ្រាយធំ នៃជំងឺគ្រុនឈាម នៅទូទាំងប្រទេសកម្ពុជា។
ក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើមមានពី៦ករណី នៅសប្ដាហ៍ទី១ ដើមខែមករា ឆ្នាំ ២០១៩ រហូតដល់ចំនួន៦៣នាក់ នៅសប្ដាហ៍ទី២០ (កំឡុងខែឧសភា) និងកើនឡើងរហូតដល់សប្ដាហ៍ទី២៧ និងចុះវិញបន្តិចនៅសប្ដាហ៍ទី២៨ គឺត្រឹមថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៩ ដែលសរុបទាំងអស់មានចំនួន ២៦១១ករណី។ ក្នុងនោះមានចំនួន ១៦៦៧ករណី ទៅទទួលសេវានៅខេត្តសៀមរាប និង ៩៤៨ករណី ស្មើនិង៣៦% ប្រើប្រាស់សេវាក្នុងខេត្តបន្ទាយមានជ័យ និងភាគច្រើនកើតលើកុមារអាយុពី៥ឆ្នាំ ដល់១៤ឆ្នាំ ក្នុងនោះដែរជំងឺគ្រុនឈាម កើតលើមនុស្សពេញវ័យចំនួន ៥២នាក់ ស្មើនិង២%។
លោក អ៊ុំ រាត្រី អាជ្ញាធរពាក់ពន្ធ័ត្រូវចូលរួម និងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវរាល់សកម្មភាពទាំងឡាយ ដែលធ្វើឲ្យគ្មានភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លាពោល គឺគ្មានមូសខ្លាគ្មានគ្រុនឈាម។
លោកអភិបាលខេត្ត ថា តើធ្វើដូចម្ដេចដើម្បី កុំឲ្យមានមូសខ្លា? គឺវានៅក្នុងទឹកថ្លាស្អាត។ ទីមួយ៖ ទឹកថ្លា ស្អាតដែលយើងរក្សាទុកសម្រាប់ប្រើប្រាស់ គឺក្នុងអាង ពាង ភាចន៍ ត្រូវគ្រប់គ្រងកុំឲ្យមានដង្កូវទឹក។ ទីពីរ៖ ទឹកថ្លា ស្អាតដែលយើងមិនរក្សាទុក សម្រាប់ប្រើប្រាស់ទេ គឺក្នុងវត្ថុដែលអាចដក់ទឹកបាន តែយើងមិនបានចាត់ចែងគ្រប់គ្រងវា បើវត្ថុទាំងនេះដក់ទឹកវាមានដង្កូវទឹក ដូច្នេះត្រូវតែចូលរួម ជាមួយប្រជាពលរដ្ឋ សហគមន៍ ទីសាធារណៈ កុំឲ្យមានវត្ថុដក់ទាំងនោះ ដូចជាសំបកកង់ឡានដាក់ អំបិល ឬ ប្រេងម៉ាស៊ីនចាស់ៗ កង់ម៉ូតូ សំបកកំប៉ុក ត្រឡោកដូង ចានស្នោរជាដើម»៕
អត្ថបទ៖ សុខ លាភ