រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្មជាមួយការចុះផ្សាយថា អ្នកកាសែតទាំងអស់ទទួលបានសិទ្ធិការពារមិនជាប់គុកទេ
ភ្នំពេញ៖ បន្ទាប់ពីឃើញមានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នូវសំដីរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានដែលគេកាត់ចេញមួយកំណាត់ ដោយច្បិចយកតែពាក្យថា អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធ បានសរសេរនៅក្នុងបណ្តាញហ្វេសបុក នៅរសៀលថ្ងៃនេះថា ខ្ញុំមានកាតព្វកិច្ចបំភ្លឺចំណុចនេះ ដើម្បីចៀសវាងអ្នកកាសែតវ័យក្មេងយើង និង ពិសេសអ្នកកាសែតដែលមិនបានចូលសាលា មានការភ័ន្តច្រលំនាំដល់មានកំហុស ។ ដំបូង ខ្ញុំចង់បញ្ជាក់ថា អ្នកកាសែតគឺជាពលរដ្ឋម្នាក់ ជាពលរដ្ឋម្នាក់មានន័យថានៅក្រោមច្បាប់របស់រដ្ឋដែលខ្លួនកំពុងរស់នៅ ឬ កំពុងបំពេញសកម្មភាព ។
លោកបន្ថែមថា រដ្ឋបានផ្តល់សិទ្ធិមួយចំនួនដល់អ្នកកាសែត ព្រោះនេះជាអ្នកដែលបំរើសកម្មភាពសង្គមមួយ (ស្វែងរកព័ត៌មានពិត) ។ នៅពេលអ្នកកាសែត«សំដែងមតិ» នេះ គេមិនអាចយកអ្នកកាសែតទៅដាក់ពន្ធនាគារបានទេ តែការ«សំដែងមតិ» មិនរាប់បញ្ចូល «ការមួលបង្កាច់ ការបរិហារកេរ្តិ៍….» ទេ ។ មួយវិញទៀត គេមិនត្រូវប្តឹងស្មេរអត្ថបទទេ តែគេប្តឹងត្រឹមតែនិពន្ធនាយក ចាងហ្វាងស្ថានីយ៍ (វិទ្យុ ឬ ទូរទស្សន៍) ឬ អ្នកដែលទទួលសិទ្ធិអោយចេញផ្សាយតែប៉ុណ្ណោះ ព្រោះបើគ្មានការអនុញ្ញាតពីអ្នកទាំងនេះ គំនិតស្មេរនៅត្រឹមតែលើក្រដាសតែប៉ុណ្ណោះ ។
លោកថា ហេតុនេះ ហើយ បានជាខ្ញុំនិយាយពីរឿងអ្នកកាសែតមិនជាប់ពន្ធនាគារព្រោះការ«សំដែងមតិ» ដោយមិនរាប់បញ្ចូលអ្នកផ្សាយតាមប្រព័ន្ធហ្វេសប៊ុក ព្រោះអ្នកទាំងនេះ បញ្ចេញអត្ថបទដោយខ្លួនឯង ទៅសាធារណជន ដោយមិនមានការទទួលខុសត្រូវរួមណាមួយទេ ដែលទាមទារនូវលិខិតបទដ្ឋានថ្មី ៕
អត្ថបទ៖ សុខ លាភ