លោក គួច ចំរើន៖ រដ្ឋបាលខេត្តបង្កើតក្រុមការងារចុះល្បាតពេលយប់ ដើម្បីទប់ស្កាត់ បង្ការ បង្ក្រាបនូវរាល់បទល្មើសនានា
ព្រះសីហនុ៖ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តព្រះសីហនុ ។
លោក គួច ចំរើន បានរៀបរាប់ពីសភាពការណ៍សន្តិសុខសវត្ថិភាព ក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្តបង្កើតក្រុមការងារចុះល្បាតជាប្រចាំនៅពេលយប់ នៅតាមចំណុចស្មុគស្មាញមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ បង្ការ បង្ក្រាបនូវរាល់បទល្មើសនានា កើតឡើងបានទាន់ពេលវេលា ក្នុងភូមិសាស្ត្រ ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ។ ពិសេសលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន នៅតាមក្លិបកំសាន្ត និងកន្លែងសប្បាយនានា និងលុបបំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនៅតាមមូលដ្ឋាន និងអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់។
សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា រាជរដ្ឋាភិបាល សម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្ម តាមមូលដ្ឋានរាជធានី-ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយខាងលើនេះ ប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។
សេចក្តីជូនដំណឹង ក៏ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ការផ្ដល់សេវាការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពាក់ពន្ធ័ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV»ស្នងការនគរបាលនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ៩៥ភាគរយ ជាជនជាតិចិន។ មនុស្សទាំង១៥០នាក់ដែលត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខ លាភ