មន្រ្តីនគរបាលចំនួន ៥នាក់ ត្រូវព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ពាក់ព័ន្ធអន្តរាគមន៍ដោះលែងជនជាតិចិន

 

ភ្នំពេញ៖ ក្រោយបញ្ចប់ការសួរនាំតំណាងអយ្យការ បានសម្រេច ចោទប្រកាន់មន្រ្តីនគរបាលចំនួន៥រូប ក្នុងនោះ៣នាក់ កំពុងឃាត់ខ្លួន និង២នាក់ផ្សេងទៀតកំពុងគេចខ្លួន ពាក់ព័ន្ធការអន្តរាគមន៍រត់​ការដោះ​លែង​ជនជាតិចិនមួយក្រុម ដែលរងការចាប់ ខ្លួននៅខេត្តកំពង់ស្ពឺ រឿងប្រព្រឹត្តបទល្មើស។ នេះបើយោង​តាម​លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីនគរបាលទាំង៥រូប ចោទប្រកាន់រួមមានទី១៖ ឈ្មោះ ថា ស្រីលក្ខណ៍ ភេទស្រី (គេចខ្លួន) ត្រូវចោទ​ពី​បទ​ផ្តើមគំនិតក្នុងអំពើរសូកប៉ាន់ តាមបញ្ញត្តិច្បាប់មាត្រា២៨ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ, ទី២៖ ឈ្មោះ ជិន វេងលាង ភេទប្រុស (គេចខ្លួន),ទី៣៖ ឈ្មោះ សឿ សុថា ភេទប្រុស, ទី៤៖ ឈ្មោះ រត្ន័ ពិន្ទ ភេទប្រុស, ទី៥៖ ឈ្មោះ វណ្ណ សុភាព។ អ្នកទាំង៤នាក់ ត្រូវបានចោទបទ សមគំនិតក្នុងអំពើរចាប់ឃុំឃាំង តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៣ មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ ច្បាប់ស្តីពីការ​ប្រឆាំង​អំពើរពុករលួយ។ ក្រោយតំណាងអយ្យការបានចោទប្រកាន់ សំណុំរឿងត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ តាមនីតិវិធីតុលាការ។

សូមជំរាបជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ACU បានបញ្ជូនមន្ត្រីនគបាលដែលគេស្គាល់ថា ២នាក់ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយក​ដ្ឋានអន្ដោ​ប្រ​វេសន៍ ទៅកាន់តុលាការជាថ្មីម្តងទៀត ដើម្បីបន្តនីតិវិធីពាក់​ពន្ធ័ករណីរត់ការ​អន្ដរាគមន៍ដោះ​លែង​ជនជាតិចិន។

ជនជាតិចិនទាំងអស់នេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds