សមត្ថកិច្ចពុំទាន់រកឃើញមន្រ្តីយោធា២នាក់ ដែលជិះម៉ូតូទៅពេទ្យ បាកស្ពានឈើធ្លាក់ចូលទឹកហូរទៅបាត់

(ស្ទឹងត្រែង)៖ មន្រ្តីយោធា២នាក់ បានបាត់ខ្លួនពេលកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ស្ថិត​នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុង ហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែ​ម្តងកាលពីព្រឹកម្សិលមិញ។

របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា ជនរងគ្រោះទាំងពីរ​នាក់មាន​ទី១៖ ឈ្មោះ សុខ សុវណ្ណឌី ទី២៖ ឈ្មោះ ភី នីដាលិ។ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កង​អនុ​សេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិ​សាស្ត្រអូរ​អាឡៃ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកថា គិត​ត្រឹម​វេលាម៉ោងប្រមាណជាង ១២ថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់​រកឃើញនៅឡើយទេ មិនដឹងថាស្លាប់ឬយ៉ាងណានោះឡើយ។ លោក ក៏បានស្នើដល់​បង​ប្អូនប្រជា​ពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សហការជាមួយនគរបាលរបស់លោក ជួយស្វែងរក​ជនរងគ្រោះដែលបានបាត់ខ្លួននោះភ្លាមៗផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ម្សិលមិញ ពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។

យោងតាមមន្ត្រីយោធានៅយោធភូមិភាគទី១ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ កំពុងតែធ្វើ​ដំណើរ​ទៅ​កាន់មន្ទីរពេទ្យ ដោយសារមន្ត្រីយោធាដែលជិះ​ពីខាងក្រោយកំពុងកើតមានជំងឺគ្រុនចាញ់ និងញ័រ​ញាក់​​ខ្លាំង៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds