​លោក ​សម រង្ស៊ី ​៖ ការ​អនុញ្ញាត​ឲ្យ​ចិនមាន​វត្តមាន​នៅ​កម្ពុជា រួម​ទាំង​កងទ័ព​ផង​នោះ គឺ​ដើម្បី​ការពារ​អំណាច​លោក​ ហ៊ុន សែន តែ​ប៉ុណ្ណេាះ

 

ភ្នំពេញ៖ ដោយ​សារ​កម្ពុជា​ជា​ផ្នែកមួយរបស់ខ្លួន ​ប្រទេសចិននឹង​ធ្វើ​​​ឱ្យកម្ពុជាក្លាយ​ទៅជាត្រី​មុខ ​ដើម្បី​អនុវត្ត​យុទ្ធសាស្រ្ត​ពង្រីក​នយោបាយ​​របស់​ខ្លួន ​ដោយ​កសាង​នូវទីតាំង​យោធា​​ក្នុង​ប្រទេស​កម្ពុជា​ ជាដើម​។ បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​ធំធេង​ ពីព្រោះវាអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅ​ក្នុង​តំ​បន់»។ នេះជាការលើកឡើងក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់អតីតមេដឹក​នាំ​បក្សប្រឆាំង។

ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី នៅ​ពេល​នេះ​គឺ​បន្ទាប់​ពី​សារព័ត៌មាន​ធំ​មួយ​របស់​សហរដ្ឋអាមេរិក The Wall Street Juornal ​បាន​ចុះ​ផ្សាយ​ថា ​កម្ពុជា​បាន​ធ្វើ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​មួយ​ជា​មួយ​ប្រទេស​ចិន​ក្នុង​ការ​ផ្ដល់​ផ្នែក​ខ្លះ​នៃ​មូល​ដ្ឋាន​ទ័ពជើង​ទឹក​ខ្មែរ​ឲ្យ​ទៅ​កង​ទ័ព​ជើងទឹក​ចិន​ ដើម្បី​អាច​ដាក់​ទ័ព សព្វាវុធ និង​ចត​នាវា​បាន​ក្នុង​កុងត្រា​ចំនួន​៣០​ឆ្នាំ។

លោក សម រង្ស៊ី​ បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ការបញ្ចូល​អាណានិគម​ថ្មី​របស់​ចិន​ តាម​រយៈ​ការ​ទទួល​ជំនួយ​ដ៏​ច្រើន​សម្បើមពី​ចិន ​​ដោយ​គ្មាន​តម្លាភាព គ្មាន​គិត​ពី​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​បរិស្ថាន​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​ខ្លួន​អាច​បន្ត​ធំធាត់​ទៅ​មុន​ទៀត​ប៉ុណ្ណេាះ។

​លោក ​សម រង្ស៊ី បាន​បន្ថែម​ផង​ដែរ​ថា​ ការ​អនុញ្ញាត​ឲ្យ​ចិនមាន​វត្តមាន​នៅ​កម្ពុជា រួម​ទាំង​កងទ័ព​ផង​នោះ គឺ​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​របស់​លោក​ ហ៊ុន សែន តែ​ប៉ុណ្ណេាះ។

អ្នក​នាំពាក្យ​បក្សប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ និង​ថា​ជា​ការមួល​បង្កាច់​ទាំង​គ្មាន​ភស្ដុតាង​​ជាក់​លាក់​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់លោក​ សម រង្ស៊ី៕

អត្ថបទ៖ សុខ លា​ភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds