ចាប់ខ្លួនបុរសម្នាក់ រឿងក្លែងឯកសណ្ឋានកងទ័ព និងបំផ្លើសព័ត៌មានដោះដូរអភិបាលខេត្តរតនគីរី

(រតនគិរី)៖ កម្លាំងនគរបាលក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណី បរិហារកេរ្តិ៍ជាសារធារណៈ, ក្លែងឯកសណ្ឋានកងទ័ព និងប្រើប្រាស់សារធាតុញៀន។ បើតាមរបាយករណ៍របស់នគរបាលក្រុងបានលុង បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ជនសង្ស័យមានឈ្មោះ ថាំ គីមលាង អាយុ២៧ឆ្នាំ មុខរបរជាងឈូសឈើ មានទីលំនៅបច្ចុប្បន្ននៅ ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្រ្តីនគរបាលបានលុង បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ក៏ដោយសារតែជននេះ បានបង្ហោះសារនៅលើ Facebook របស់ខ្លួនដោយបំផ្លើសព័ត៌មាន នៃការផ្លាស់ប្តូរអភិបាលខេត្តរតនគីរី ព្រមទាំងជននេះបានស្លៀកពាក់ឯកសណ្ឋានកងទ័ពខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការស្រាវជ្រាវ ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds