បាតុករក្រុងហុងកុង ៤៣០,០០០នាក់ បានប្រារព្ធធ្វើបាតុកម្មដ៏ធំជាថ្មី បានវាយប្រហារទៅលើការិយាល័យតំណាងក្រុងប៉េកាំង

(ហុងកុង)៖ បាតុករហុងកុងបានប្រារព្ធធ្វើបាតុកម្មដ៏ធំមួយទៀតប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស់ ខណៈដែលអ្នកតវ៉ាខ្លះបានធ្វើឱ្យការិយាល័យតំណាងរបស់ក្រុងប៉េកាំងរងការខូចខាត។ អ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ៤៣០,០០០នាក់ បានចូលរួមក្នុងការដើរដង្ហែរកាលពីថ្ងៃអាទិត្យ ដោយក្រុមបាតុករបានទាមទារឱ្យលុបចោលនូវច្បាប់ធ្វើបត្យាប័ន ដែលសព្វថ្ងៃគ្រាន់តែត្រូវបានព្យួរ។ គួររំលឹកដែរថាច្បាប់ធ្វើបត្យាប័ននេះគឺមានន័យថា នឹងអនុញ្ញាតឱ្យជនសង្ស័យព្រហ្មទណ្ឌនៅហុងកុង ត្រូវបញ្ជូនទៅចិនដីគោកដើម្បីធ្វើការកាត់ទោស។

ក្រុមអ្នកតវ៉ាក៏បានអំពាវនាវផងដែរឱ្យមានការបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតសុពលភាពនៃការបង្ក្រាបបាតុកររបស់ក្រុមប៉ូលិសក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នានាពេលថ្មីៗនេះ។ បន្ទាប់ពីការដង្ហែក្បួននេះបាតុកររាប់ពាន់នាក់បានធ្វើដំណើរមកការិយាល័យទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ដែលតំណាងឱ្យរដ្ឋាភិបាលចិនដីគោកនៅទីក្រុងហុងកុង។ ពួកបាតុករបានគប់ពងទា និងទឹកខ្មៅ ទៅលើស្លាកសញ្ញានិមិត្តរូបជាតិរបស់ចិន ដែលតុបតែងនៅនឹងមុខអគារការិយាល័យតំណាងនោះ។

ការប៉ះទង្គិចគ្នាក៏បានកើតឡើងនៅពេលប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងគ្រាប់ជ័រ ដើម្បីបំបែកក្រុមអ្នកតវ៉ា ហើយក៏មានអ្នករងរបួសប្រហែល ៣៦នាក់ ផងដែរ។ យ៉ាងណាមិញការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នរដ្ឋាភិបាលចិនដីគោក បានថ្កោលទោសយ៉ាងខ្លាំងនូវសកម្មភាពរបស់ក្រុមបាតុករ និងបានហៅពួកគេថា ក្រុមនាំឱ្យរំខាន។ ហើយពួកគេនិយាយថា ទង្វើបែបនេះបានជំទាស់នឹងសិទ្ធិអំណាចរបស់រដ្ឋាភិបាលកណ្តាល ហើយប៉ះពាល់គោលការណ៍សំខាន់នៃប្រទេសមួយប្រព័ន្ធពីរ។ បាតុករត្រូវបានវាយប្រហារដោយបាតុករប្រឆាំងនៅស្ថានីយ៍រថភ្លើងក្រោមដីមួយនិងនៅលើរថភ្លើងមួយ។ យ៉ាងហោចណាស់មានមនុស្ស 36 នាក់បានរងរបួសនៅក្នុងការវាយប្រហារ៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds