ម៉ាល់តាប៉ះអេស្ប៉ាញយប់មិញធ្វើអោយអេស្ប៉ាញបង្កើតកំណត់ត្រាថ្មីក្នុងការគ្រប់គ្រងបាល់ច្រើនជាងគេក្នុងការប្រកួតជម្រុះ UEFA Euro 2020
ក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្កើតកំណត់ត្រាថ្មីក្នុងការគ្រប់គ្រងបាល់ច្រើនជាងគេក្នុងប្រកួតជម្រុះ UEFA Euro 2020 ប៉ះនឹងប្រទេសម៉ាល់តា កាលពីយប់ថ្ងៃអង្គារកន្លងទៅ ដោយគ្រប់គ្រងបាល់ចំនួន ៨៣.៥%។
តាំងពីមានការកត់ត្រាពីស្ថិតិមក មិនដែលមានក្រុមណាគ្រប់គ្រងបាល់លើសពីនេះទេ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះម៉ាល់តាក្នុងលទ្ធផល ២-០ ប៉ុណ្ណោះ ដែលគ្រាប់បាល់ទាំង ២គ្រាប់នោះជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លឹប Atletico Madrid កីឡាករ Alvaro Morata។
ក្នុងប្រកួតនេះដែរ ក្រុមអេស្ប៉ាញបានបញ្ជូនបាល់ចំនួន ៩៤៩ដង ដែលបញ្ជូនបាល់បានសម្រេចចំនួន ៩២% ខណៈខ្សែការពារក្លឹប Real Madrid កីឡាករ Sergio Ramos បានបញ្ជូនបាល់ច្រើនជាងគេ ដោយប៉ះចំនួន ១៣៣ដង។
សូមបញ្ជាក់ផងដែរថា កំណត់ត្រាចាស់ក្នុងការគ្រប់គ្រងបាល់ច្រើនជាងគេក៏ធ្វើបានដោយក្រុមអេស្ប៉ាញ គឺក្នុងជំនាន់របស់លោក Julen Loptegui ដែលកាលនោះគឺប្រកួតប៉ះនឹងក្រុមលិចធិនស្តែនដោយអេស្ប៉ាញគ្រប់គ្រងបាល់បាន ៨០% និងយកឈ្នះក្នុងលទ្ធផល ៨-០៕
ប្រភព ៖ ( ពេជ្រ គឹមស្រ៊ិន )