ពលរដ្ឋរងគ្រោះបញ្ហាដីធ្លីជិត១ពាន់នាក់ មកពី ៥ខេត្ត ជូបជុំគ្នាដាក់ពាក្យបណ្តឹង នឹងញត្តិដល់ស្ថាប័នពាកពន្ធ័អោយជួយដោះស្រាយ បញ្ហាពួកគាត់
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត១ពាន់នាក់ ដែលតំណាងឲ្យពលរដ្ឋរងគ្រោះបញ្ហាដីធ្លីជាង៧,៦ពាន់ គ្រួសារ ដែលមានទំហំដីធ្លីទំនាស់ជាមួយក្រុមហ៊ុនឯកជន អ្នកមានអំណាច ឈ្មួញ សរុបចំនួន ១៦២៧៩.៦៤ ហិចតា មកពី ៥ខេត្ត មានខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានមកដាក់ពាក្យបណ្តឹង នឹងញត្តិដល់ស្ថាប័នពាកពន្ធ័អោយជួយដោះស្រាយ។
ប្រជាពលរដ្ឋ ៣០ សហគមន៍ដែលកំពុងរងគ្រោះជាមួយក្រុមហ៊ុនឯកជន អ្នកមានអំណាច ឈ្មួញ ដែលឃុបឃិតគ្នារំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋសម្រាប់ធ្វើការគម្រោងអភិវឌ្ឍន៍ផ្សេងៗដូចជា ដីសម្បទានសេដ្ឋកិច្ច ប្រព័ន្ធធារាសាស្រ្ត សម្បទានសង្គមកិច្ច ដែលបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ជីវភាពរស់របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីប្រកបមុខរបរចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋទាំងនោះ ធ្វើការជួបជុំគ្នាដើម្បីធ្វើការដាក់ពាក្យបណ្ដឹង ញ្ញាត្តិទៅកាន់ ខុទ្ធការល័យសម្ដេចនាយករដ្ឋមន្រ្តី ក្រសួងដែនដីនគររូបណីយកម្ម និងសំណង់ ក្រសួងធនធានទឹក ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងយុត្តិធម៌ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដំណោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានអូសបន្លាយអស់រយពេលជិត ១០ឆ្នាំកន្លងមកហើយ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ បាននិងជម្រុញឲ្យអាជ្ញាធរធ្វើការអន្តរាគមន៍ដល់ស្ថាប័នតុលាការ ធ្វើការទំលាក់ចោលការចោទប្រកាន់ និងដោះលែងប្រជាពលរដ្ឋកំពុងជាប់ពន្ធធានាក្នុងបញ្ហាដីធ្លីឲ្យមានសេរីភាពផងដែរ៕
អត្ថបទ៖ សុខ លាភ