បញ្ជូនមន្ដ្រីនគរបាលចំនួន៣នាក់ ដែលរត់ការអន្ដរាគមន៍ដោះលែងជនជាតិចិន ប្រព្រឹត្តបទល្មើសនៅខេត្តកំពង់ស្ពឺ ទៅតុលាការ
ភ្នំពេញ៖ មន្ដ្រីនគរបាល៣នាក់ ២នាក់ជាមន្ដ្រី នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធការអន្ដរាគមន៍ដោះលែងជនជាតិចិន ចំនួន១៨នាក់ ដែលប្រព្រឹត្តបទល្មើស។
មន្ដ្រីនគរបាលទាំង៣រូប ដែលត្រូវចាប់ និងបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ មាន២នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
ប្រភពព័ត៌មានដដែល បានអះអាងទៀតថា ជនជាតិចិនចំនួន១៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត។ ប៉ុន្ដែក្រោយមកមន្ដ្រីនគរបាលទាំង៣នាក់នោះ បានចេញមុខរត់ការដោះលែង រហូតដឹងដល់ថ្នាក់ដឹកនាំ ទើបឈានទៅការចាត់វិធានការតាមផ្លូវច្បាប់តែម្តង។
អត្ថបទ៖ សុខ លាភ