មេខ្យល់ ដែលបញ្ជូនស្ត្រីខ្មែរទៅប្រទេសចិន ត្រូវតុលាការខេត្តក្រចេះ ឃុំខ្លួន
ក្រចេះ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ តុលាការខេត្តក្រចេះ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារដើម្បីបើកការស៊ើបសួរពាក់ព័ន្ធករណីលក់ដូរមនុស្សសម្រាប់ឆ្លងដែន។
ជនត្រូវចោទឈ្មោះ ជឹម ចាន់ថា អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពងទឹក ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនជាប់ចោទត្រូវបានព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តក្រចេះលោក កែវ សុជាតិ បញ្ជាអោយចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ ដោយនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ដោយមានការសហការគ្នា រវាងសមត្ថកិច្ចជំនាញខេត្តត្បូងឃ្មុំ បានបើកធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវឈានទៅបង្ក្រាបករណីជួញដូរនិងនាំនារីខ្មែរទៅលក់ឲ្យ បុរសជនជាតិចិននៅឯប្រទេសចិនដោយខុសច្បាប់។
ជនជាប់ចោទ បានសារភាពថា កន្លងទៅ ពួកគេបានបញ្ជូននារីខ្មែរច្រើននាក់ ដែលស្ម័គ្រចិត្តរៀបការជាមួយបុរសជនជាតិចិនដើម្បីទៅរស់នៅប្រទេសចិន ដោយពួកគេបានទទួលកម្រៃជើងសាមួយចំនួនដែរ៕
អត្ថបទ៖ សុខ លាភ