អ៊ីរ៉ង់រឹបអូសនាវាដឹកប្រេងរបស់អង់គ្លេស ដោយចោទថា រំលោភលើបទបញ្ជាដែនសមុទ្រអន្តរជាតិ
(អ៊ីរ៉ង់)៖ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ខ្លួនបានរឹបអូសនាវាដឹកទំនិញអង់គ្លេសនៅក្នុងច្រកសមុទ្រ Hormuz សម្រាប់អ្វីដែលពួកគេបានពិពណ៌នាថា ជាការរំលោភលើបទបញ្ជាដែនសមុទ្រអន្តរជាតិ។ ក្រុមនេះបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់។ ពួកគេបាននិយាយថា នាវានេះត្រូវបានបញ្ជូនទៅអាជ្ញាធរដែនសមុទ្ររបស់ប្រទេសអ៊ីរ៉ង់រួចហើយ។ ការរឹបអូសនេះវាកើតមានចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
ប្រទេសអង់គ្លេសទើបតែបានឃាត់ខ្លួននាវាដឹកប្រេងរបស់អ៊ីរ៉ង់កាលពីថ្ងៃ ទី៤ ខែកក្កដា ដោយសង្ស័យថា ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសស៊ីរី ដោយរំលោភនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប។ ប៉ុន្តែអ៊ីរ៉ង់បដិសេធថា នាវានេះមិនមែនធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនោះទេ ហើយទាមទារឱ្យមានការដោះលែងវិញ។ ការរឹបអូសនាវារបស់អង់គ្លេសដោយប្រទេសអ៉ីរង់ ត្រូវបានគេមើលឃើញថាជាការសងសឹក។ ហើយរបាយការណ៍របស់អង់គ្លេសបាននិយាយថា គណៈកម្មាធិការគ្រាអាសន្នរបស់រដ្ឋាភិបាល ក៏កំពុងជួបប្រជុំគ្នាជុំវិញហេតុការណ៍នេះផងដែរ៕
កែសម្រួល៖ ឆ្មាសរ