រថយន្តដឹកឈើ១គ្រឿង ត្រូវកម្លាំងចម្រុះខេត្តរតនគីរីដុតចោល ក្រោយរកឃើញនៅឧទ្យានជាតិអូរយ៉ាដាវ
រតនគិរី ៖ រថយន្តម៉ាកឡង់គ្រីស័រកែច្នៃមួយគ្រឿងអត់ស្លាកលេខ កំពុងដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានកម្លាំងបរិស្ថានចាប់ ហើយប្រគល់ទៅឲ្យកម្លាំងចម្រុះ ដើម្បីចាត់ការបន្ត រីឯម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ត្រង់ចំណុចពាមអូរលាវ ស្ថិតនៅក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កម្លាំងចម្រុះដឹកនាំដោយ លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត កងរាជអាវុធហត្ថស្រុក កម្លាំងសឹករងស្រុក ដោយមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ រីឯវត្ថុតាងដែលរឹបអូសបានរថយន្តនិងឈើផ្ចឹកចំនួន៦ដុំ ស្មើនឹង១,១២៥ម៉ែត្រគូប។
មន្ត្រីបរិស្ថានក្នុងប្រតិបត្តិការចុះបង្ក្រាបបានឲ្យកម្ពុជាថ្មីដឹងថា វត្ថុតាងខាងលើ ,ឈើ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការចម្រុះចំណុចពាមអូរលាវ ដើម្បីឲ្យជំនាញបរិស្ថានកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកឯវត្ថុតាងរថយន្តចំនួនមួយគ្រឿង ត្រូវបានដុតបំផ្លាញចោលនៅចំណុចនិយាមកាខាងលើ។
គួររំលឹកផងដែរថា បន្ទាប់ពីប្រតិបត្តិការ គណៈកម្មការថ្នាក់ជាតិ ដែលមានលោក សៅ សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយកម្លាំងតាមបណ្ដាខេត្តជាប់ព្រំដែន ឲ្យបន្តរុករក និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ជាលទ្ធផលនៅខេត្តរតនគិរី ចាប់ពីថ្ងៃទី១២ មកដល់១៨ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថរបស់ខេត្តរតនគិរី ចុះបង្ក្រាបបានជាបន្តបន្ទាប់ និងដុតបំផ្លាញចោលរថយន្តបានចំនួន៤គ្រឿងហើយ៕
អត្ថបទ៖ សុខ លា