អាជ្ញាធរខណ្ឌដូនពេញ ចុះបិទអាជីវកម្មចិនមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទឃ្លាំងស្តុកទំនិញរបស់ជនជាតិចិន ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ ។
ប្រតិបត្តិការ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងអាជីវកម្មយីហោ(បណ្ដុំរថយន្តទំនើបអន្តរជាតិពាន់លាន) ដែលមានទីតាំងផ្ទះលេខ ៨៨ ដែលមាន ទីតាំងនៅបណ្ដោយមហាវិថីព្រះនរោត្ដម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់អាជីវកម្មខាងលើ ជាជនជាតិចិន បាននាំយកទំនិញជាកញ្ចប់ធំៗ និងទឹកប៊ីដុងមួយចំនួន យកមកប្រកបអាជីវកម្ម ដោយពុំមានច្បាប់ត្រឹមត្រូវ។
ជាលទ្ធផលក្រុមការងារចម្រុះ បានពិនិត្យឃើញថា ទី១ ស្លាកយីហោមិនត្រឹមត្រូវដោយមានខ្លឹមសារស្ដាប់មិនបាន “បណ្ដុំរថយន្តទំនើបអន្តរជាតិពាន់លាន” និងអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ទី២ទីតាំងប្រកបអាជីវកម្មនេះ ពុំទាន់មានច្បាប់អនុញ្ញាតនោះទេ(ចំនួន២ទីតាំង) ទី៣ទីតាំងនេះ ពុំទាន់បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មឡើយ ទី៤ ក្រុមការងារបានបើកកញ្ចប់ទំនិញ និងពិនិត្យសារធាតុទឹកនៅក្នុងប៊ីដុង រួមមានជញ្ជីងថ្លឹងទំនិញចំនួន០១ គ្រឿង ម្សៅទឹកដោះគោចំនួន០៥កេស សាច់បាក់យ៉ុងចំនួន០៤កេស ដំណាប់ស្វាយចំនួន០៥កេស ដំណាប់ម្នាស់ចំនួន០៥កេស ដំណាប់ ប៊ីរី ចំនួន០៥កេស ដំណាប់ប៊ីរីមានគ្រាប់ចំនួន១០កេស ដំណាប់ស្វាយមានគ្រាប់ចំនួន១០កេស ដំណាប់ផាសិនចំនួន១០កេស យ៉ាអួចំនួន១០កេស គ្រាប់ស្ករខ្មៅចំនួន១០ កេស ម្សៅមីចំនួន០២កេស គ្រឿងផ្សំប៊័រធ្វើនំចំនួន០២កេស និងស្ករទឹកចំនួន០៥ប៊ីដុង។
ដោយឡែកនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងចំរុះ បន្តចុះត្រួតពិនិត្យផលិតផលទំនិញ ដែលក្រុមការងារបានឃាត់ទុកកាលពីម្សិលមិញ ដោយម្ចាស់អាជីវកម្មខាងលើ ជាជនជាតិចិន បាននាំយកទំនិញជាកញ្ចប់ធំៗ និង និងទឹកប៊ីដុងមួយចំនួន យកមកប្រកបអាជីវកម្ម ដោយពុំមានច្បាប់ត្រឹមត្រូវ។
ជាលទ្ធផលក្រុមការងារ បានពិនិត្យឃើញថា ទី១- ម្ចាស់អាជីវកម្ម បានសហការយ៉ាងល្អ និងកំពុងរុះរើស្លាកអាជីវកម្មរបស់ខ្លួន ទី២- បានសម្រេចបិទអាជីវកម្ម ទី៣- ក្រោយពិនិត្យលើសំណាកចំនួន០៧មុខ លើទំនិញចំនួន១៨មុខឃើញថា ពុំមានសារធាតុគីមី ឬសារធាតុញៀន នោះទេ ទំនិញនៅសល់ចំនួន១១ មុខទៀតត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍ធំ ក្នុងករណីពិនិត្យទៅឃើញថា ទំនិញទាំង១១ មុខ នោះមានភាពមិនប្រក្រតី ម្ចាស់ទំនិញ ត្រូវប្រគល់ទំនិញទាំងនោះមក ស្ថាប័នមានសមត្ថកិច្ចដោយឥតលក្ខខណ្ឌ និងត្រូវទទួលទោសចំពោះមុខច្បាប់។ ៤- ក្នុងករណីទំនិញទាំង១១មុខបើគ្មានបញ្ហានោះទេ អាជ្ញាធរនឹងប្រគល់សម្ភារៈទាំងនោះជូនម្ចាស់ទំនិញវិញទាំងអស់៕
អត្ថបទ៖ សុខ លាភ