វៀតណាមគាំទ្រកម្ពុជា ប្រឆាំងការអនុម័តច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា របស់សភាជាន់ទាបអាមេរិក

ការប្រកាសគាំទ្រអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមនេះ ធ្វើឡើងក្នុងជំនូបជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួង​ការបរ​ទេស​កម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងប្រាប់អ្នកសារព័ត៌​មាន​ក្រោយ​ជំនួបនេះ​ថា លោក ប្រាក់ សុខុន បានបង្ហាញការមិនពេញចិត្តលើអាមេរិក នៅចំពោះមុខគណៈប្រតិភូវៀតណាម ដោយសារតែអាមេរិកនៅតែបន្តរឹតត្បិត ទិដ្ឋាការការទូត របស់មន្ត្រីក្រសួងការបរទេសកម្ពុជា។

លោកបន្តថា «លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តតាមដានការវិវត្តផ្សេងៗនៅកម្ពុជា ក៏ដូចជាតាមដានរឿងពីសហរដ្ឋអាមេរិក និង EU ផងដែរ។ ជាពិសេសក្រោយពីសភាតំណាងរាស្ត្រអាមេរិក បានអនុម័ត Cambodian Democracy Act (ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា) គឺវៀតណាមបានសម្តែង ការគាំទ្រចំពោះការប្រតិកម្មតបរបស់កម្ពុជា ជាការប្រតិកម្មមួយយ៉ាងសមស្រប»។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កា នូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋានប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds