ក្រុមប្រជាធិបតេយ្យកំពុងតែសុំឱ្យ FBI ធ្វើការស៊ើបអង្កេតទៅលើកម្មវិធី FaceApp ដែលកំពុងតែល្បី

ថ្មីៗនេះកម្មវិធី FaceApp ដែលប្រើដើម្បីបង្កើតការកែរូបថត កំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួនម្ដងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពល្បីល្បាញលើកនេះក៏ត្រូវអរគុណដល់ filter ធ្វើឱ្យមុខក្មេងប្រែទៅជាមុខចាស់ជរារបស់វាផងដែរ ប៉ុន្តែក្រុមប្រជាធិបតេយ្យនៅអាមេរិក មិនសប្បាយរីករាយចិត្តជាមួយកម្មវិធីនេះទេ។

យោងតាមរបាយការណ៍មួយពី CNN បានឱ្យដឹងថា គណៈកម្មាធិការជាតិប្រជាធិបតេយ្យបានផ្ញើដំណឹងព្រមានជាមុនមួយ ជុំវិញយុទ្ធនាការប្រធានាធិបតីបក្សប្រជាធិបតេយ្យ ឆ្នាំ២០២០ ពីការប្រើប្រាស់កម្មវិធីនេះ ដោយសារតែពួកគេមានការព្រួយបារម្ភអំពីអ្នកបង្កើតកម្មវិធី ព្រោះថាវាមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ហើយអ្នកបង្កើតក៏ជាជនជាតិរុស្ស៊ី។ ហើយបើយោងតាម NBC News បានឱ្យដឹងថា សមាជិកព្រឹទ្ធសភារលោក Chuck Schumer ក៏បានស្នើសុំ FBI និង FTC ឱ្យធ្វើការស៊ើបអង្កេតសន្តិសុខជាតិទៅលើកម្មវិធី FaceApp នេះផងដែរ។

វាត្រូវបានគេនិយាយថា រូបថតដែលអ្នកថតនឹងត្រូវ upload ទៅ server របស់វា មុនពេលដែលវាកែរូបរបស់អ្នកប្រើប្រាស់ ប៉ុន្តែនាយក​ប្រតិបត្តិ FaceApp លោក Yaroslav Goncharov បាននិយាយកាលពីឆ្នាំ ២០១៧ ថា មានតែរូបថតដែលពួកគេចង់កែប៉ុណ្ណោះ ដែលនឹងត្រូវបាន upload ចូល server ប៉ុន្តែមិនមែនចេញពី library រូបថតទាំងស្រុងនោះទេ ហើយរូបថតនឹងត្រូវលុបចេញពី server ក្នុងរយៈពេល ៤៨ម៉ោង ។ យ៉ាងណាក៏ដោយវាហាក់ដូចជាអ្នកប្រជាធិបតេយ្យកំពុងតែមានការប្រុងប្រយ័ត្នហួសហេតុពេក ក្នុងដាក់ឱ្យមានការហាមឃាត់កម្មវិធី FaceApp ទាំងស្រុង ក៏ព្រោះតែអ្នកបង្កើតរបស់វាជាជនជាតិរុស្ស៊ី ប៉ុន្តែក្រុមនេះអាចនឹងមានហេតុផលណាមួយដើម្បីការប្រុងប្រយ័ត្ន៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ CNN

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds