សហភាពអឺរ៉ុប ឯកភាពគ្នាចាត់វិធានការដាក់ពិន័យប្រឆាំងតួកគី
(ប៊្រុចសែល)៖ សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទបានឯកភាពលើការចាត់វិធានការដាក់ពិន័យប្រទេស តួកគី ដោយសារការបន្តប្រតិបត្តិការខួងប្រេងនៅប្រទេស ស៊ីប ទោះបីជាមានការព្រមានម្ដងហើយម្ដងទៀតក៏ដោយ។
សហភាពអឺរ៉ុបនឹងបញ្ឈប់ការសន្ទនាកម្រិតខ្ពស់ជាមួយប្រទេស តួកគី ផ្អាកការចរចាលើកិច្ចព្រមព្រៀងអាកាសចរណ៍ និងកាត់បន្ថយទឹកប្រាក់ចំនួន ១៤៥,៨ លានអឺរ៉ូ (១៦៤ លានដុល្លារ) ក្នុងមូលនិធិជំនួយហិរញ្ញវត្ថុ ដែលគ្រោងនឹងផ្តល់ឲ្យសម្រាប់ឆ្នាំ ២០២០។
ក្រុមរដ្ឋមន្ដ្រីក្រសួងការបរទេសមកពីប្លុកនេះ ក៏បានប្រាប់គណៈកម្មការអឺរ៉ុបឲ្យបន្តការធ្វើការងារលើលទ្ធភាពដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ដោយកំណត់ទិសដៅអ្នកជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការខួងប្រេងនេះ។
ធនាគារវិនិយោគអឺរ៉ុប (EIB) ត្រូវបានស្នើសុំឲ្យពិនិត្យឡើងវិញនូវលក្ខខណ្ឌនានា ដែលត្រូវបានកំណត់សម្រាប់ការផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ទីក្រុងអង់ការ៉ា។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីខែមុនបានព្រមានប្រទេស តួកគី ថា ប្រទេសនេះអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះមិនបញ្ឈប់អ្វីដែលប្លុកនេះហៅថា ការខួងប្រេង «ខុសច្បាប់» ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ស៊ីប។ ដោយទីក្រុងអង់ការ៉ា បានបញ្ជូននាវា ២ គ្រឿង ដើម្បីធ្វើការខួងប្រេងនៅដែនសមុទ្ររបស់ប្រទេស ស៊ីប ទោះបីជាមានការព្រមានពីសហភាពអឺរ៉ុបក៏ដោយ៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ AFP