លោក អេង ហ៊ី៖ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនឈ្មួញឈើ៩នាក់ទៀត

 

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ លោក អេង ហ៊ី បានថ្លែងថា ពេលនេះសមត្ថកិច្ចកំពុង តាមស្វែងរកជនសង្ស័យ​ពាក់ព័ន្ធចំនួន​៩នាក់​ទៀត ខណៈដែលឈើខុសច្បាប់ចំនួន១៧០០ម៉ែត្រគូប ត្រូវបង្ក្រាបបាន។

ក្នុងប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចបានឃាត់រថយន្តល្មើសជាង៤០គ្រឿង ដែលពាក់ព័ន្ធនឹងការដឹក​ឈើទាំងនោះ ហើយក្នុងនោះមានរថយន្តចំនួន២៩គ្រឿង ត្រូវបានបំផ្លាញផងដែរ។

នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក សៅ សុខា បានបើកប្រតិបត្តិការ​បង្ក្រាបបទល្មើសព្រៃឈើ​នៅ​ខេត្តភាគឦសានប្រទេសដោយចាប់ខ្លួនឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត។

សូមបញ្ជាក់ថា លោក សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្ម​ជាតិ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រុមការងារ ឱ្យប្រតិបត្តិការបង្ក្រាប​បទ​ល្មើស​​ព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំក៏​ដោយ​នោះ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសអនុវត្តន៍ច្បាប់ ដូចនេះ​ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds