រដ្ឋសភាកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសភាអាស៊ី-អឺរ៉ុបASEP-11 លើកទី១១
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសភាអាស៊ី-អឺរ៉ុបASEP-11 លើកទី១១ នាឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមរដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11)នៅវិមានរដ្ឋសភានាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ងួន ញ៉ិល ដែលដឹកនាំកិច្ចប្រជុំនេះបានបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូសុទ្ធអាស៊ីអឺរ៉ុប ASEP-11 គឺធ្វើឡើងរៀងរាល់២ឆ្នាំម្ដងហើយរៀបចំឆ្លាស់គ្នាគឺម្ដងនៅអឺរ៉ុប និងម្ដងនៅអាស៊ី។ ការរៀបចំកិច្ចប្រជុំភាពដៃគូសភាអាស៊ី-អឺរ៉ុបASEP-11 គឺធ្វើឡើង១ខែមុន ឬ៣សប្តាហ៍មុន នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបហៅកាត់ ASEM-13 ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខផងដែរ។
លោក ងួន ញ៉ិល បន្ថែមថា រាជរដ្ឋាភិបាលក៏បានរៀបចំ និងបង្កើតគណៈកម្មការសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM-13 លើកទី១៣ រួចហើយដែរក្នុងនោះមានតំណាងពីរដ្ឋសភា និងតំណាងពីព្រឹទ្ធសភាចូលរួមជាសហការីផងដែរ។ សម្រាប់កិច្ចប្រជុំ ASEM-13 លើកទី១៣ ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា និងកំណត់ធ្វើឡើងនៅរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ASEP-11 រដ្ឋសភាកំពុងពិចារណាក្នុងការជ្រើសរើសយកទីតាំងដែលអាចនឹងធ្វើនៅខេត្តសៀមរាប ដែលជាទីតាំងទេសចរណ៍សម្បូរបែប ឬអាចធ្វើនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសភាអាស៊ី-អឺរ៉ុប ASEP នៅឆ្នាំ២០០៤ នៅទីក្រុងវេរ ប្រទេសវៀតណាម បន្ទាប់ពីចូលជាសមាជិក សភាកម្ពុជា បានចូលរមកិច្ចប្រជុំចំនួនពីរលើកិច្ចប្រជុំលើកទី៧ នៅឆ្នាំ២០១២ ប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងកិច្ចប្រជុំលើកទី១០ នៅឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕
អត្ថបទ៖ សុខ លាភ