គម្រោងជាង២ពាន់ មានតម្លៃជាង ៣,៣៩ពាន់លានដុល្លារ កំពុងមានវត្តមាននៅកម្ពុជា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់ក្រសួងដែនដីនគររូបនីកម្ម និងសំណង់ បានឲ្យដឹងថា នភត្រឹមឆមាសទី ១ ឆ្នាំ ២០១៩នេះ កម្ពុជា មាន គម្រោង សាងសង់សរុប ប្រមាណ ២ ០៤៧ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៣៩ពាន់ដុល្លារអាមេរិក កើនឡើងប្រមាណ ៥៧,៥៧ ភាគរយ បើប្រៀបធៀបនឹងកាលពីឆ្នាំ ២០១៨។
ក្នុងចំណោមទឹកប្រាក់ ៣,៣៩ពាន់លានដុល្លារមានចំនួន ៣,០៧ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយថ្នាក់ជាតិ និងជាង ៣១៨ លានដុល្លារ ផ្សេងទៀតនៅថ្នាក់ក្រោមជាតិ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយនៅថ្ងៃ២៤ខែមេសា បង្ហាញថា ជាងពាក់ កណ្តាល នៃ ការហូរចូលទុនពីក្រៅប្រទេស មានប្រភពមកពីប្រទេសចិន ហើយត្រូវបានតម្រង់ទិសទៅការរវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋា រចនាសម្ព័ន្ធ និងសំណង់អគារពាណិជ្ជកម្ម និងលំនៅឋាន វិស័យទេសចរណ៍ និងមួយផ្នែកតូចទៅលើវិស័យផលិតកម្ម និងកសិកម្ម។
របាយការណ៍បញ្ជាក់ថា ខេត្តព្រះសីហនុដែលជាប់ឆ្នេរសមុទ្រ នៅតែបន្តជាចំណុចក្តៅមួយនៃកំណើនគម្រោង សាងសង់តាមរយៈការវិនិយោគ ហិរញ្ញវត្ថុផ្ទាល់មួយភាគធំលើសលុបពីប្រទេសចិន។ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ១០ ឆ្នាំ ពី ២០១០ ដល់ ២០១៩ មានប្រមាណ ៤៣ ៨៩៦ លានដុល្លារសហរដ្ឋអាមេរិក។ នៅខែមករា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៨២៩ លានដុល្លារ កើនឡើង ១៧៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨» ៕
កែសម្រួល៖ ឆ្មាសរ