កម្ពុជា ទទួលបានជំនួយឥតសំណងជាង ៣០លានដុល្លារពី EU ក្នុងឆ្នាំ២០១៩ សម្រាប់កម្មវិធី៣
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោកលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងតាមកម្មវិធីកែទម្រង់នីមួយៗ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌឆ្នាំ២០១៨ មានជាលទ្ធផលដូចខាងក្រោម៖
១. កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន ៤,៣លានអឺរ៉ូ (ជាង ៤,៨លានដុល្លារអាមេរិក)
២. ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន១៧,៥លានអឺរ៉ូ (ជាង ១៩,៦៧លានដុល្លារ)
៣. កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់សម្រាប់ឆ្នាំ២០១៩ ចំនួន ៥លានអឺរ៉ូ (ជាង ៥,៦លានដុល្លារ)៕
អត្ថបទ និងរូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដកស្រង់៖ ឆ្មាសរ