សព្វថ្ងៃវៀតណាមច្រើនជាងគេ ក្នុងចំណោមជនបរទេសនៅកម្ពុជា ជិត៩ម៉ឺននាក់
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សព្វថ្ងៃនេះ មានជនបរទេសកំពុងរស់នៅកម្ពុជាចំនួន៨៨,១១២នាក់តែប៉ុណ្ណោះ ដែលភាគច្រើនគឺជាជនជាតិវៀតណាម។
សម្ដេច ស ខេង ថា “ប៉ូលិសអន្តោប្រវេសន៍ ក៏បានទទួល ពាក្យសុំប្រកាសទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជាចំនួន៦០៥៦១ឯកសារ ដោយមានមនុស្ស២៨៥៧២ គ្រួសារ និងមានសមាជិកសរុប ៨៨,១១២នាក់ មាន ១១សញ្ជាតិ”។ សព្វថ្ងៃជនបរទេសរស់នៅកម្ពុជាមានចំនួន៨៨,១១២នាក់ បើបូកទាំងជនបរទេស កំពុងជាប់ពន្ធនាគារទៀត គឺស្នើនឹង៩ម៉ឺននាក់។
រដ្ឋមន្ដ្រីមហាផ្ទៃបន្ដថា នាយដ្ឋានអន្តោប្រវេសន៍ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមានមនុស្ស ៦៨៩៨៨១ នាក់ មាន ១០សញ្ជាតិ។ ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេស គឺឯកសារទាំងនោះ ក្រសួងមហាផ្ទៃមិនដុតចោលនោះទេ គឺតម្ដល់ទុករយៈពេល៥ឆ្នាំ៕
អត្ថបទ៖ សុខ លាភ