អាយុ៥៦ឆ្នាំហើយ តែអត់កូន ទិនហ្វីកំពុងឈឺក្បាលរឿងមិនមានអ្នកស្នងមរតក៣០០លានដុល្លារ
ចំណូលពីការផលិតភាពយន្ត និងអចលនទ្រព្យជាច្រើនកន្លែង បានធ្វើឲ្យកំពូលតារាសម្ដែងហុងកុង Stephen Chow ក្លាយជាសិល្បករដែលមានទ្រព្យសម្បត្តិយ៉ាងច្រើន តែទ្រព្យទាំងនេះនឹងទៅណាបើលោកគ្មានគ្រួសារដូចបច្ចុប្បន្ន។
បណ្ដាញព័ត៌មានហុងកុងថ្មីៗនេះ បានចុះផ្សាយថា ក្រោយជោគជ័យនៃភាពយន្ត “King of Comedy 2” កាលពីដើមឆ្នាំ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់តារាសម្ដែងប្រុសហុងកុង Stephen Chow កើនដល់៣០០លានដុល្លារ។
ទោះបីជាមិនសូវបង្ហាញមុខជាសាធារណៈច្រើនក៏ដោយ តែតារាវ័យ៥៦ឆ្នាំនេះ ជាតំណាងរបស់ផលិតផលជាច្រើននៅចិនដីគោក។ ក្រៅពីនេះ តួរឿង “និស្សិតផ្ដាច់សង្ខារ” ក៏ជាអ្នកវិនិយោគលើអចលនទ្រព្យផងដែរ ដោយលោកមានទាំងផ្ទះនៅហុងកុង ក៏ដូចជានៅចិនដីគោកជាច្រើនកន្លែង។ បន្ថែមពីនេះ គេក៏ជឿជាក់ថាលោកមានអចលនទ្រព្យនៅអាមេរិក និងកាណាដាផងដែរ។