កម្មវិធីបវរកញ្ញាកូរ៉េឆ្នាំ២០១៩ ចេញសេចក្ដីថ្លែងការណ៍មួយ ក្រោយរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងឈុត Hanbok (ឈុតប្រពៃណីកូរ៉េ) មកច្នៃជាម៉ូដសិចស៊ីជ្រុលពេក
សេអ៊ូល)៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រឡងបវរកញ្ញាឯក Miss Korea 2019 ត្រូវបានធ្វើឡើង ក្នុងកម្មវិធី «Sexy Hanbok» ដោយបេក្ខជនប្រឡងត្រូវស្លៀកសម្លៀកបំពាក់ឈុតហាន់ប៊ុក (Hanbok) ដែលជាការច្នៃម៉ូដបញ្ចូលគ្នា រវាងតាមប្រពៃណី និងម៉ូដសិចស៊ី។ ស្របពេលជាមួយគ្នានេះផងដែរ ក្នុងកម្មវិធីដែលគេតម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រភេទនេះ ក៏ទទួលបានការរិះគន់យ៉ាងខ្លាំង ខណៈដែលមហាជនកូរ៉េ ជាច្រើន បានអះអាងថា ការច្នៃសម្លៀកបំពាក់Hanbok ទាំងនោះ មិនគោរពដល់ភាពស្រស់ស្អាត និងភាពសមសួន នៃឈុតប្រពៃណីកូរ៉េ Hanbok។
ឆ្លើយតមទៅនឹងប្រតិកម្មរបស់មហាជនកូរ៉េ គណៈកម្មាធិការប្រឡងបវរកញ្ញា បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយ ដោយពន្យល់ថា ឈុត Hanbok ទាំងនេះ ត្រូវបានបង្កើតឡើងដោយអតីតបេក្ខនារីកូរ៉េនៅឆ្នាំ ២០១៨ ហើយគេបង្កើតឡើងដោយមានការសហការជាមួយក្រុមហ៊ុនសម្លៀកបំពាក់ហានប៊ុក (Hanbok)។ គណៈកម្មការប្រឡងបវរកញ្ញាកូរ៉េ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «ពួកយើងចង់បកស្រាយពីពាក្យចចាមអារ៉ាម ដែលការពិតទាក់ទងនឹងសំលៀកបំពាក់ ដែលក្លាយជាបញ្ហាមួយ អំឡុងកម្មវិធី Miss Korea នៅឆ្នាំនេះ។ ឈុត Hanbok សម័យលាយបុរាណ មិនតម្រូវឲ្យបេក្ខនារីកូរ៉េឆ្នាំ២០១៩ ស្លៀកនោះទេ ប៉ុន្តែអ្នកចូលរួមប្រកួតចំនួន ០៧រូប កាលពីចុងឆ្នាំ២០១៨ ក្នុងកម្មវិធីបវរកញ្ញា Miss Korea ឆ្នាំ២០១៨ ពួកគេបានពាក់វា អំឡុងពេលហាត់សម សម្រាប់ការប្រឡងនៅឆ្នាំនេះ»។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា «លើសពីនេះទៀត ពាក្យជំទាល់ដែលថាយើងបានរៀបចំឲ្យពួកគេស្លៀកឈុត Hanbok បុរាណលាយសិចស៊ីនោះ ជំនួសឲ្យការប្រកួតប្រឡង ឈុតហែលទឹក គឺខុសគ្នាទាំងស្រុងពីការពិត។ សំលៀកបំពាក់ទាំងនោះគឺជាការងារសហការគ្នារវាង បវរកញ្ញាប្រឡងកាលឆ្នាំមុនប្រចាំឆ្នាំ ជាមួយនឹង Kim Ye Jin Hanbok ដែលជាក្រុមហ៊ុនតែមួយ ដែលបានបង្កើត Hanbok សម្រាប់អតីតប្រធានាធិបតីកូរ៉េខាងជើង គីម ដេជុង (Kim Dae Joong) និងអតីតប្រធានាធិបតីអាមេរិក លោកប៊ីលគ្លីនតុន ( Bill Clinton)។ ពួកគេបានប្តេជ្ញាថា នឹងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនាពេលអនាគត ហើយបានស្នើសុំប្រព័ន្ធផ្សព្វផ្សាយឲ្យបញ្ឈប់ការផ្សព្វផ្សាយ នូវពាក្យចចាមអារ៉ាមមិនពិតបន្ថែមទៀត»។ សូមបញ្ជាក់ថា ឈុត Hanbok គឺជាសំលៀកបំពាក់ប្រពៃណីរបស់កូរ៉េ សម្រាប់សំលៀកបំពាក់ពាក់កណ្តាលផ្លូវការ ឬជាផ្លូវការ ដែលពាក់នៅក្នុងពិធីប្រពៃណី រួមទាំងអាពាហ៍ពិពាហ៍ ការប្រារព្ធពិធី និងពិធីបុណ្យផ្សេងៗផងដែរ៕
\